(អាហ្រ្វិក)៖ តុលាការជាន់ខ្ពស់នៃប្រទេសម៉ាឡាវី ដែលស្ថិតនៅតំបន់អាហ្រ្វិកខាងកើត បានផ្តន្ទាទោសប្រហារជីវិតមនុស្សប្រុសនិងស្រីសរុប ០៣នាក់ ពីបទសម្លាប់មនុស្សម្នាក់ ដែលមានជំងឺភឿក (Albanism) យ៉ាងសាហាវឃោរឃៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។

ក្នុងចំណោមជនទាំង ០៣នាក់មានប្រុស ០២នាក់ និងស្រីម្នាក់ ត្រូវបានចោទប្រកាន់ពីបទធ្វើឃាតអ្នកមានជំងឺភឿកម្នាក់ឈ្មោះថា ព្រីសខូត ប៉េពូហ្សានី (Priscott Pepuzani) កាលពីឆ្នាំ២០១៤ ដោយប្រើបំពង់ទីបដែក និងដងចប ហើយកាត់ដៃនិងជើងរបស់ជនរងគ្រោះចោល រួចកប់សាកសពនៅក្នុងសួនច្បារមួយកន្លែង។

គួរជម្រាបថា គិតចាប់តាំងពីឆ្នាំ២០១៤មក ករណីសម្លាប់អ្នកមានជំងឺភឿកនៅប្រទេសម៉ាឡាវី បានកើតឡើងយ៉ាងតិច ២៥ករណី ខណៈកាលពីឆ្នាំ២០១៧ មនុស្សម្នាក់ក៏ត្រូវបានតុលាការផ្តន្ទាទោសប្រហារជីវិត ពីបទឃាតកម្មប្រភេទនេះដែរ។ បុគ្គលដែលមានជំងឺភឿកនៅប្រទេសអាហ្រ្វិកខាងកើតនេះ ត្រូវប្រឈមនឹងអំពើហិង្សា ព្រមទាំងការគំរាមកំហែងដល់អាយុជីវិត ដោយសារតែភាគច្រើនមានការយល់ឃើញខុស និងបែបអវិជ្ជមានចំពោះជំងឺនេះ ទើបធ្វើឲ្យមានការស្អប់ខ្ពើម និងរើសអើងយ៉ាងធ្ងន់ធ្ងរបំផុត៕