(ប៉េកាំង)៖ ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិនបានឲ្យដឹងថា មនុស្សជាង ១២.៨លាននាក់បានទទួលរងការប៉ះពាល់ដោយសារព្យុះទីហ្វុងដ៏អាក្រក់ ឡេគីម៉ា (Lekima) បន្ទាប់ពីវាបានបោកបក់វាយប្រហារមកដល់ ភាគខាងកើតប្រទេសចិនកាលពីសប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ២០១៩។

ជាមួយគ្នានេះមនុស្សប្រមាណ ០២លាននាក់នៅខេត្ត ជីជាំង (Zhejiang), ជាំងស៊ូ (Jiangsu), សានទុង (Shandong), អានហ៊ុយ (Anhui), ហ្វូចៀន (Fujian), ហេបៃ (Hebei), លាវនីង (Liaoning), និងជីលីន (Jilin) ព្រមទាំងទីក្រុងសៀងហៃ ត្រូវបានជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព។

ព្យុះទីហ្វុង Lekima បានផ្តាច់ជីវិតមនុស្សជិត ៥០នាក់ ខណៈជាង២០នាក់ទៀតបានបាត់ខ្លួន ហើយវាបង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរផងដែរ ដែលបានធ្វើឲ្យលំនៅឋាន ១៣,០០០ខ្នងដួលរលំទាំងស្រុង និងប្រមាណ ១១៩,០០០ខ្នងទៀត​ត្រឹមរងការបំផ្លិចបំផ្លាញ ខណៈផ្ទៃដីដំណាំយ៉ាងច្រើនសម្បើម ក៏ត្រូវបានរងការខូចខាតខ្ទេចខ្ទីផងដែរ។

គួរជម្រាបថា អាជ្ញាធរចិនបានប្រកាសអាសន្នកម្រិតពណ៌ក្រហម តាំងតែពីការត្រៀមសម្រាប់ការវាយប្រហាររបស់ព្យុះ Lekima មកម្ល៉េះ។ វាបានមកដល់ខេត្ត Zhejiang ភាគខាងកើត ជាទីដែលមានមនុស្សស្លាប់ច្រើនជាងគេ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយនាំយកមកជាមួយនូវទឹកភ្លៀងយ៉ាងគំហុក លាយឡំនិងខ្យល់បោកបក់យ៉ាងសន្ធប់។ Lekima គឺជាព្យុះដែលមានឥទ្ធិពលជាងគេ ដែលបានបោកបក់មកលើចិនក្នុងឆ្នាំ២០១៩ នេះ៕