(វ៉ាស៊ីនតោន)៖ ការហាមឃាត់ទិញផលិតផល និងសេវាកម្មពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន រួមមានដូចជា Huawei និង ZTE សម្រាប់ស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានចាប់ផ្តើមអនុវត្តជាផ្លូវការហើយនាថ្ងៃអង្គារនេះ។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។

បម្រាមនេះត្រូវអនុវត្តន៍ទៅលើស្ថាប័នរដ្ឋសំខាន់ៗមួយចំនួនរបស់អាមេរិក ជាពិសេសក្រសួងការពារជាតិ, រដ្ឋបាលសេវាកម្មទូទៅ (General Services Administration) និងទីភ្នាក់ងារអវកាស NASA ជាដើម ដែលចាប់ពីថ្ងៃអង្គារនេះតទៅ គឺមិនអាចទិញគ្រឿងបរិក្ខា ឬសេវាកម្មផ្នែកទូរគមនាគមន៍ និងតាមដានសុវត្ថិភាពបានទៀតឡើយ ពីក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិនដូចជា Huawei, ZTE, ហាយទែរ៉ា (Hytera Communications Corporation), ហាងចូវ ហ៊ីកវីសិន (Hangzhou Hikvision Digital Technology Company) និង ដាហ័រ (Dahua Technology Company) សម្រាប់បម្រើគោលដៅដែលពាក់ព័ន្ធសន្តិសុខជាតិ។

យ៉ាងណាមិញ ស្ថាប័នរដ្ឋទាំងនោះអាចដាក់ពាក្យស្នើសុំការលើកលែងពិសេសបានមួយលើក សម្រាប់រយៈពេលមិនលើសពី០២ឆ្នាំ ឬក៏ហួសពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នោះឡើយ ដោយភ្ជាប់នូវហេតុផលលម្អិត មកកាន់គណៈកម្មាធិការពាក់ព័ន្ធនៅសភា។

គួរជម្រាបថា រដ្ឋាភិបាលអាមេរិកក៏បានហាមក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ព្រមទាំងបុត្រសម្ព័ន្ធប្រមាណ៧០ទៀត របស់ក្រុមហ៊ុននេះមិនឲ្យទិញបច្ចេកវិទ្យា ឬបន្តការរកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ដោយពុំមានការអនុញ្ញាតពីទីក្រុងវ៉ាស៊ីនតោនដែរ។ ប៉ុន្តែការលើកលែងបណ្តោះអាសន្នមួយ ត្រូវបានដាក់ចេញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដែលពាក់ព័ន្ធ។

ទោះជាបែបនេះក្តី ការលើកលែងបណ្តោះអាសន្នខាងលើនេះ នឹងផុតសុពលភាពនៅថ្ងៃទី១៩ ខែសីហានេះហើយ ខណៈការសន្យារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីកិច្ចប្រជុំ G20 នៅប្រទេសជប៉ុនដែលថា អាមេរិកនឹងបន្ធូរបន្ថយការរឹតត្បិតលើក្រុមហ៊ុន Huawei នោះមិនទាន់ចេញលទ្ធផល ជាក់ស្តែងនៅឡើយទេ។ យ៉ាងណាក៏ដោយបើតាមអ្នកវិភាគមួយ ចំនួនបានព្រួយបារម្ភថា បើពិនិត្យលើស្ថានភាពសព្វថ្ងៃនេះ សង្គ្រាមពាណិជ្ជកម្មហាក់គ្មានសញ្ញាថា នឹងធូរស្រាលនោះឡើយ ព្រោះប្រទេសសេដ្ឋកិច្ចយក្សទាំងពីរ កំពុងឈានទៅបង្កសង្គ្រាមរូបិយប័ណ្ណថែមមួយទៀតទៅហើយ៕