(តូក្យូ)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មជប៉ុនលោក សិកូ ហ៊ីរ៉ូស៊ីកិ (Seko Hiroshige) នាថ្ងៃអង្គារនេះ បាននិយាយថា ទីក្រុងតូក្យូហាក់មិនយល់សោះថាហេតុអ្វីបានជាកូរ៉េខាងត្បូង បានប្រកាសដកជប៉ុនចេញពីបញ្ជីសរបស់ខ្លួន ដើម្បីលុបចោលការអនុគ្រោះ ពិសេសនៃការធ្វើពាណិជ្ជកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។

លោក Seko បានលើកឡើងយ៉ាងដូច្នេះថា «ក្រោយពីមើលសន្និសីទសារព័ត៌មានកូរ៉េខាងត្បូង កាលពីម្សិលមិញ យើងនៅតែមិនយល់សោះថា តើទីក្រុងសេអ៊ូលសម្អាងលើហេតុផលអ្វី បានជាចោទថាប្រព័ន្ធគ្រប់គ្រងការនាំចេញរបស់ជប៉ុន មិនគោរពតាមគោលការណ៍អន្តរជាតិ»។ បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោក ស៊ុង យុនម៉ូ (Sung Yun-mo) ការដកជប៉ុនចេញពីបញ្ជីស នឹងធ្វើឡើងនៅខែកញ្ញាខាងមុខ។

គួរជម្រាបថា ជម្លោះពាណិជ្ជកម្មរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូបានផ្ទុះឡើងក្រោយ ជប៉ុនសម្រេចរឹតត្បិតលើការនាំចេញវត្ថុធាតុដើមសំខាន់ៗ ដល់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូង និងប្រកាសដកទីក្រុងសេអ៊ូលចេញពីបញ្ជីស ជាការឆ្លើយតបនឹងតុលាការកូរ៉េខាងត្បូង ដែលបានបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនមួយចំនួន សងប្រាក់ជំងឺចិត្តដល់អតីតកម្មករកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងឧស្សហកម្ម នៅកំឡុងសង្រ្គាមលោកលើកទី ២។ ការដកកូរ៉េខាងត្បូងចេញពីបញ្ជីសរបស់ជប៉ុន នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែសីហានេះ៕