(ហុងកុង)៖ បាតុកម្មតវ៉ាដ៏ហិង្សានៅក្នុងទីក្រុងហុងកុង នឹងជំរុញឱ្យទីក្រុងមួយនេះដើរលើផ្លូវ «ដែលមិនអាចត្រឡប់ក្រោយវិញបាន» ខណៈកាលពីថ្ងៃចន្ទម្សិលមិញនេះ បាតុករជាង ៥,០០០នាក់ បានសម្រុកចូលតវ៉ានៅព្រលានយន្តហោះអន្តរជាតិ ដែលនាំឲ្យមានការផ្អាកជើងហោះហើរទាំងអស់តែម្តង។ នេះគឺជាការព្រមានរបស់នាយកប្រតិបត្តិក្រុងហុងកុង ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។

នាយកប្រតិបត្តិក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារនេះ។ ថ្លែងនាឱកាសនោះលោកស្រី Lam បានគូសបញ្ជាក់ដូច្នេះថា«បាតុកម្មតវ៉ាដ៏ហិង្សានឹងជំរុញឱ្យទីក្រុងហុងកុង ដើរផ្លូវមិនអាចត្រឡប់ក្រោយវិញបាន ហើយនឹងធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់អាក្រក់ឡើងតែប៉ុណ្ណោះ»។ 

គួរបញ្ជាក់ថា ការព្រមានខាងលើរបស់លោកស្រី Carrie Lam កើតមានឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុកថា បាតុកម្មតវ៉ាដ៏ហិង្សារបស់ក្រុមបាតុករគាំទ្រលិទ្ធិប្រជាធិបតេយ្យគឺជា «ទង្វើភេរវកម្ម»។ ដោយឡែកប្រជាជនរបស់ទីក្រុងហុងកុងមួយចំនួន ក៏បានបង្ហាញការមិនគាំទ្រផងដែរ ចំពោះការតវ៉ាយ៉ាងធំសម្បើមនេះ ដែលវានឹងបំផ្លាញសេដ្ឋកិច្ចទីក្រុងហុងកុង៕