(ហុងកុង)៖ ស្ថានការណ៍តានតឹងនៅទីក្រុងហុងកុង ហាក់បានរសាយឡើងវិញនាព្រឹកថ្ងៃចន្ទនេះ ក្រោយបាតុកម្ម និងការប៉ះទង្គិចគ្នាដោយហិង្សារវាងប៉ូលិស និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ដែលបានបន្តកើតឡើងជាច្រើនសប្តាហ៍ហើយ ខណៈស្ថានីយរថភ្លើង និងផ្លូវក្រោមដី ត្រូវបានបើកដំណើរការជាធម្មតាឡើងវិញ។ យ៉ាងណាមិញសម្រាប់សប្តាហ៍នេះ គម្រោងសកម្មភាពតវ៉ានៅតែមានដដែល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។

កាលពីថ្ងៃអាទិត្យម្សិលមិញ មានការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដោយកម្លាំងប៉ូលិសហុងកុង និងការចោលដបសាំងពីក្រុមបាតុករ នៅតាមតំបន់ខុសៗគ្នានៃទីក្រុងហុងកុង ហើយកំឡុងពេលនោះក៏មានទាំងអ្នករងរបួស និងការចាប់ខ្លួនផងដែរ។ ខណៈ នាព្រឹកថ្ងៃចន្ទនេះមានសភាពស្ងប់ស្ងាត់ ក្រុមបាតុករគ្រោងនឹងបន្តប្រមូលផ្តុំគ្នា នៅព្រលានយន្តហោះអន្តរជាតិហុងកុងក្នុងថ្ងៃនេះទៀត ដែលវានឹងមានរយៈពេល ០៤ថ្ងៃជាប់គ្នា។ ក្រុមអ្នកតវ៉ាក៏នឹងប្រមូលផ្តុំគ្នានៅក្រៅទីស្នាក់ការប៉ូលិសជាថ្មីទៀត នៅយប់ថ្ងៃចន្ទនេះផងដែរ។

គួរជម្រាបថា គិតចាប់តាំងតែពីបាតុកម្មបានចាប់ផ្តើមឡើងកាលពីជាងពីរខែមុន ប៉ូលិសហុងកុងបានចាប់ខ្លួនមនុស្សជាង ៦០០នាក់ ហើយវាបានប្រែក្លាយពីបាតុកម្មមានគោលដៅប្រឆាំងច្បាប់ធ្វើបត្យាប័ន ដែលបានរលាយសាបសូន្យហើយនោះ ទៅជាការប្រឆាំងរដ្ឋបាលទីក្រុងហុងកុងតែម្តង។ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ សកម្មភាពតវ៉ានេះកាន់តែផ្ទុះអំពើហិង្សាខ្លាំងឡើងៗ និងបានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរមួយ សម្រាប់តំបន់ស្វ័យពិសេសរបស់ចិនមួយនេះ ហើយក៏ជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ទីក្រុងប៉េកាំងផងដែរ៕