(វ៉ាស៊ីនតោន)៖ គ្រោះអគ្គីភ័យបានកើតឡើងនៅផ្ទះមើលថែទាំកុមារមួយកន្លែង ស្ថិតក្នុងរដ្ឋ Pennsylvania សហរដ្ឋអាមេរិក និងបានផ្តាច់ជីវិតក្មេងៗយ៉ាងហោចណាស់ចំនួន៥នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើង ក្នុងថ្ងៃអាទិត្យ (ពេលវេលានៅរដ្ឋនៅ Pennsylvania) ខណៈផ្ទះមើលថែទាំក្មេងដែលឆាបឆេះ ស្ថិតនៅក្រុងឈ្មោះ Erie ភាគខាងជើងរដ្ឋ Pennsylvania។ បើតាមប្រធានទីភ្នាក់ងារពន្លត់អគ្គីភ័យប្រចាំនៅទីនោះ នៅពេលភ្លើង បានឆាបឆេះឡើង គឺមានមនុស្សជាប់នៅក្នុងនោះជាច្រើននាក់។ សម្រាប់អ្នកមួយចំនួន ដែលរងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាល។

គួរជម្រាបថា ក្មេងតូចៗដែលបានបាត់បង់ជីវិត មានអាយុចន្លោះពី៨ខែ រហូតដល់៧ឆ្នាំ ខណៈមូលហេតុនៃការឆេះមិនទាន់ត្រូវបាន បញ្ជាក់ឲ្យដឹងច្បាស់នៅឡើយទេ៕