(ប៉េកាំង)៖ ព្យុះទីហ្វុងដ៏មានឥទ្ធិពល Lekima គិតត្រឹមរសៀលថ្ងៃអាទិត្យនេះ បានឆក់យកជីវិតមនុស្ស៣២នាក់ហើយ នៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០១៩។

អាជ្ញាធរចិនបានឲ្យដឹងថា ទន្ទឹមគ្នានេះមនុស្ស១៦នាក់បានបាត់ខ្លួន ដែលជាហេតុអាចធ្វើឲ្យតួលេខមនុស្សស្លាប់កើនឡើងជាបន្ត។ ប្រជាជនចិនសរុបជាងមួយលាននាក់ នៅខេត្ត Zhejiang ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋានពួគេទៅកាន់ទីជម្រកសុវត្ថិភាព ជាបណ្តោះអាសន្ន។ ព្យុះនេះបានបង្កជាបំណាក់បាក់ដី ទឹកជន់ ព្រមទាំងនាំមកជាមួយនូវខ្យល់បោកបក់យ៉ាងសន្ធប់និងទឹកភ្លៀងធ្លាក់យ៉ាងជោគជាំ ហើយក្រៅពីបង្កគ្រោះថ្នាក់ដល់មនុស្ស វាក៏បានបង្កការរាំងស្ទះ និងការខូចខាតជាច្រើនទៀតផងដែរ។

គួរជម្រាបថា Lekima គឺជាព្យុះទីហ្វុងទី៩ហើយ ដែលកើតមានឡើងក្នុងឆ្នាំនេះ។ វាបានបោកបក់មកដល់ក្រុង Wenling នៃខេត្ត Zhejiang ឆ្នេរភាគអាគ្នេយ៍ប្រទេសចិន កាលពីថ្ងៃសៅរ៍ ជាមួយកម្លាំងខ្យល់១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង បន្ទាប់ពីឆ្លងកាត់កោះតៃវ៉ាន់ និងកំពុងបន្តឆ្ពោះទៅភាគខាងជើង តាមបណ្តោយឆ្នេរភាគខាងកើតរបស់ចិន៕