(ហាណូយ)៖ អាជ្ញាធរវៀតណាមបានឱ្យដឹងថា មនុស្ស១០នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងរអិបាក់ដី នៅតំបន់ខ្ពស់រាបភាគកណ្ដាលនៃប្រទេសគិតត្រឹមថ្ងៃសៅរ៍នេះ ខណៈមនុស្ស១១នាក់នៅតែកំពុងបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន VN Express នៅល្ងាចថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធរវៀតណាមមនុស្សម្នាកប្រមាណ ២០០គ្រួសារ ដែលរស់នៅក្បែរទំនប់វារីអគ្គិសនីដាក់ឡា (Dak Lar) ក្នុងខេត្តដាក់ណង (Dak Nong) ត្រូវបានជម្លៀសទៅរកកន្លែងមានសុវត្ថិភាព ខណៈខេត្ត និងតំបន់មួយ នៃខ្ពស់រាបភាគកណ្ដាលប្រទេសដូចជា ដាក់ឡាក់ (Dak Lak), អៀសាប់ (Ea Sup) ឬបួនដុន (Buon Don) ក៏កំពុងរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរអិបាក់ដី ដែលបង្កឡើងដោយសម្ពាធទាបនៃខ្យល់មូសុង និងត្រពិចនៅក្នុងតំបន់សមុទ្រខាងកើត ឬគេស្គាល់ថាសមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរវៀតណាម គ្រោះទឹកជំនន់ ព្យុះ និងគ្រោះរអិលបាក់ដីបានសម្លាប់មនុស្ស ១៨១នាក់ និង ៣៧នាក់បាត់ខ្លួន ព្រមទាំងបង្កការខាតបង់គិតជាទឹកប្រាក់ស្មើនឹង ៨៥៨លានដុល្លារកាលពីឆ្នាំ២០១៨ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕