(យ៉ាងហ្គន)៖ អាជ្ញាធរមីយ៉ាន់ម៉ានៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២២នាក់ហើយ និង ៤៧នាក់ទៀតរងរបួសក្នុងគ្រោះរអិលបាក់ដី បង្កឡើងដោយភ្លៀងមូសុងធ្លាក់យ៉ាងគំហុក ដែលបានកប់ផ្ទះ និងអគារជាច្រើននៅតំបន់ភាគខាងត្បូងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។

ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើភូមិ ថែព្យ៉ាកូណេ (Thae Pyar Kone) នៃរដ្ឋមន (Mon) អស់រយៈពេលជាច្រើនថ្ងៃមកហើយ ដោយវាបង្កជាគ្រោះទឹកជំនន់ ដែលបង្ខំឱ្យអាជ្ញាធរត្រូវជម្លៀសប្រជាជនជាង ៨៩,០០០នាក់ទៅរកន្លែងមានសុវត្ថិភាព។ ខណៈក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបតិ្តការស្វែងរកអ្នកបាត់ខ្លួន ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា អាចនឹងកើនឡើងដ្បិតមនុស្សជាង ១០០នាក់កំពុងបាត់ខ្លួន។

គួរជម្រាបថា បើតាមអាជ្ញាធរឧតុនិយមមីយ៉ាន់ម៉ា ភ្លៀងធ្លាក់ខ្លាំងអាចនឹងកើតឡើងជាថ្មី នៅប៉ុន្មានថ្ងៃមុខទៀតនេះ ខណៈប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូង អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ កំពុងតែទទួលរងឥទ្ធិពលព្យុះកំណាចដូចៗគ្នា ជាពិសេសគឺប្រទេសចិនតែម្តង៕