(ញូយ៉ក)៖ ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michelle Bachelet បានរិះគន់យ៉ាងខ្លាំងលើសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តដាក់ទណ្ឌកម្ម ប្រឆាំងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយអះអាងថាវាមានតែធ្វើឱ្យប្រជាជន វេណេស៊ុយអេឡារាប់លាននាក់ រងការឈឺចាប់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩។

លោកស្រី Michelle Bachelet ដែលជាអតីតប្រធានាធិបតីឈីលីផងនោះ ធ្វើការរិះគន់ខាង លើនៅក្នុងសេចក្ដីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅញូយ៉ក)។ លោកស្រី Bachelet បានកត់សម្គាល់ដូច្នេះថា៖ «ខ្ញុំពិតជាមានការព្រួយបារម្ភជាខ្លាំងអំពី ផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្ស នៃប្រជាជនវេណេស៊ុយអេឡា ដែលអាច នឹងបង្កឡើងដោយសារតែការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិកនៅក្នុង សប្ដាហ៍នេះ»

លោកស្រីបន្ថែមទៀតថា ការដាក់ទណ្ឌកម្មជាលក្ខណៈឯកតោភាគី មិនមែនជាមធ្យោបាយល្អ ក្នុងការដោះស្រាយវិបត្តិបច្ចុប្បន្ននៅក្នុងប្រទេសវេណេស៊ុយអេឡាឡើយ ដ្បិតទីក្រុងការ៉ាកាស់ អាចនឹងចាត់វិធានការសងសឹកនឹងអាមេរិកវិញ តាមរយៈការធ្វើទុក្ខបុក្ខម្នេញលើក្រុមអ្នកប្រឆាំង នឹងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ។ តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Bachelet ក៏បាន ថ្កោលទោសរដ្ឋាភិបាលលោក ម៉ាឌូរ៉ូផងដែរ សម្រាប់ការដាក់សម្ពាធ និងធ្វើទុក្ខបុម្នេញលើ គណបក្សប្រឆាំង។

គួរបញ្ជាក់ថា រដ្ឋបាលលោក ដូណាល់ ត្រាំ នៅក្នុងសប្ដាហ៍នេះបានប្រកាសបង្កកទ្រព្យសម្បត្តិ ទាំងអស់របស់រដ្ឋាភិបាលវេណេស៊ុយអេឡា ដែលមាននៅក្នុងសហរដ្ឋអាមេរិក ដើម្បីបង្ខំឱ្យ លោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង៕