(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី ទើបតែបានបញ្ចេញឃ្លីបវីដេអូមួយ បង្ហាញពីការហោះហើរឡើងលើផ្ទៃអាកាសជាលើកដំបូង របស់យន្តហោះដ្រូនស៊េរីថ្មីឈ្មោះ S-70 Okhotnik របស់ក្រុមហ៊ុន Sukhoi។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។

យោងតាមក្រសួងការពារជាតិរុស្ស៊ី ការធ្វើតេស្តហោះហើររបស់យន្តហោះដ្រូន Okhotnik ឬហៅជាភាសាអង់គ្លេសថា Hunter ខាងលើ បានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ កំឡុងការហោះហើរសាកល្បងជាលើកទីមួយនោះ យន្តហោះដ្រូនដែលមានសមត្ថភាពបំបាំងកាយនេះ បានស្ថិតនៅលើផ្ទៃអាកាសរយៈពេលជាង២០នាទី នៅរយៈកម្ពស់អតិបរមា ប្រហែល៦០០ម៉ែត្រ។

គួរជម្រាបថា នេះគឺជាការបង្ហាញខ្លួនជាថ្មីម្តងទៀតរបស់យន្តហោះដ្រូន Hunter គិតចាប់តាំងពីខែមករា ដើម២០១៩នេះ នៅពេលមានការលេចធ្លាយរូបភាពរបស់វា នៅព្រលានយន្តហោះមួយកន្លែង ក្នុងទីក្រុង Novosibirsk ភាគខាងត្បូងរុស្ស៊ី។ ដោយមានប្រវែងពីចុងស្លាបម្ខាងទៅម្ខាងគឺខ្ទង់១៥ម៉ែត្រ យន្តហោះដ្រូននេះ ស្ថិតក្នុងប្រភេទដូចគ្នាទៅនឹងយន្តហោះដ្រូន Tian Ying របស់ចិន, ដ្រូន RQ-170 របស់កងទ័ពអាកាសអាមេរិក, ដ្រូន X-47B UAV របស់ទ័ពជើងទឹកអាមេរិក និងដ្រូន X-45C របស់ក្រុមហ៊ុន Boeing ខណៈរូបរាងរបស់ពួកវាគឺមិនសូវខុសគ្នាឡើយ៕