(អាមេរិក)៖ ជនសង្ស័យជាចោរប្លន់ម្នាក់ ត្រូវបានប៉ូលិសអាមេរិកចាប់ខ្លួន បន្ទាប់ពីចាក់មនុស្ស០៤នាក់ឲ្យស្លាប់ និង០២នាក់ទៀតឲ្យរងរបួស នៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។

ហេតុការណ៍ខាងលើបានកើតឡើងនៅក្រុង ហ្គាឌែនហ្គ្រូវ (Garden Grove) ចម្ងាយ ៦០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងឡូសអាន់ជែឡែស របស់សហរដ្ឋអាមេរិក។ កម្លាំងប៉ូលិសប្រចាំក្រុង Garden Grove បានចាប់ឃាត់ខ្លួនជនសង្ស័យដែលមានកាន់កាំបិត និងកាំភ្លើងខ្លីមួយដើមក្នុងដៃនៅហាងលក់ទំនិញ 7-Eleven មួយកន្លែង ក្រោយពីជននោះបានចាក់មនុស្ស ០៦នាក់ នៅតាមបណ្តោយផ្លូវធំមួយក្នុងក្រុងកើតហេតុ។

គួរជម្រាបថា បើតាមការរៀបរាប់របស់ប៉ូលិស ពីដំបូងឡើយនៅបណ្តាយផ្លូវខាងលើ ជនសង្ស័យបានចាក់សម្លាប់មនុស្សពីរនាក់ ហើយបើករថយន្តពណ៌ទឹកប្រាក់មួយគ្រឿង ទៅស្ថានីយចាក់សាំង ឆេវរ៉ុន (Chevron) និងក្រុមហ៊ុនធានារ៉ាប់រងមួយកន្លែង ជាទីដែលមនុស្សពីរនាក់ទៀតត្រូវបានចាក់។ ក្រោយចេញពីទីនោះ ជនសង្ស័យបានបន្តឆ្ពោះទៅភោជនីយស្ថាន Subway រួចចាក់មនុស្សម្នាក់ទៀតស្លាប់ មុនចូលទៅហាងលក់ទំនិញ 7-Eleven ហើយចាក់សន្តិសុខម្នាក់ ដែលបានបាត់បង់ជីវិត នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

អាជ្ញាធរអាមេរិកបានបញ្ជាក់ថា មូលហេតុនៅពីក្រោយសកម្មភាពចាក់មនុស្សមិនញញើតដៃនេះ របស់ជនសង្ស័យដែលជាបុរសអាយុ ៣៣ឆ្នាំមានទីលំនៅក្នុងក្រុង Garden Grove ផ្ទាល់ គឺជាអំពើប្លន់ ដែលគ្មានការកំណត់គោលដៅវាយប្រហារជាក់លាក់ជាមុនឡើយ៕