(បាងកក)៖ ប៉ូលិសថៃនៅថ្ងៃព្រហស្បតិ៍នេះបានអះអាងថា ករណីផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ ជាបន្តបន្ទាប់នៅក្នុងទីក្រុងបាងកកកាលពីសប្ដាហ៍មុន អាចមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ ខណៈអាជ្ញាធរកំពុងតាមប្រមាញ់អ្នកជាប់ពាក់ព័ន្ធបន្ថែម។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។

នៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងជាលើកដំបូង ចាប់តាំងពីមានករណីផ្ទុះគ្រាប់បែកកាលពី ថ្ងៃសុក្រសប្ដាហ៍មុនមក មេបញ្ជាការប៉ូលិសថៃលោក ឆាក់ធីប ឆៃចិន្តា (Chaktip Chaijinda) បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា ករណីនេះមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ...»។ លោក Chaktip មិនបានបង្ហាញភស្ដុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់លោកនោះទេ ដោយគ្រាន់តែនិយាយថា ៨០-៩០ភាគរយករណីផ្ទុះគ្រាប់បែកនេះគឺជារឿងនយោបាយហើយថា ប៉ូលិសថៃកំពុងតាមប្រមាញ់ជនសង្ស័យបន្ថែមទៀត។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុនមនុស្ស ០៤នាក់បានរងរបួសនៅក្នុងការផ្ទុះគ្រាប់បែក ក្នុងទីក្រុងបាងកក ជាទីដែលថ្នាក់ដឹកនាំបរទេសជាច្រើនកំពុងចូលរួមប្រជុំអាស៊ាន។ ក្រោយការផ្ទុះនេះដែរ ប៉ូលិសថៃបានភ្ជាប់ជនសង្ស័យសំខាន់ ០២នាក់មកពីខេត្ត ណារ៉ាត់ធីវ៉ាត់ (Narathiwat) ដែលត្រូវបានចាប់ខ្លួន ទៅនឹងក្រុមសកម្មប្រយុទ្ធនៃភាគខាងត្បូងប្រទេសថៃ ដែលបានបង្កបញ្ហាបែបនេះនៅប្រទេសថៃ ១៥ឆ្នាំមកហើយ៕