(ប៉េកាំង)៖ ការិយាល័យទទួលបន្ទុកកិច្ចការទីក្រុងហុងកុង នៃក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះបានដាក់កំណត់ទូតតវ៉ាមួយទៅកាន់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ជាបន្ទាន់ នូវការជ្រៀតជ្រែកក៏ដូចជាការបញ្ជូនសារ ដែលធ្វើឱ្យគេយល់ច្រឡំពីទំនាក់ទំនងរវាងក្រុមមន្ត្រី អាមេរិក និងក្រុមផ្ដាច់ខ្លួនដ៏ហិង្សាក្នុងទីក្រុងហុងកុង។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។

នៅលើគេហទំព័ររបស់ខ្លួន ការិយាល័យទទួលបន្ទុកកិច្ចការទីក្រុងហុងកុង ក៏បានបញ្ជាក់ទៀតថា ទីក្រុងប៉េកាំងក៏បានស្នើផងដែរឱ្យសហរដ្ឋអាមេរិក បកស្រាយ ឬពន្យល់ឱ្យបានច្បាស់ជុំវិញ សេចក្ដីរាយការណ៍ដែលថា មន្ត្រីអាមេរិកមួយចំនួនមានទំនាក់ទំនង ជាមួយមេដឹកនាំផ្ដាច់ក្នុងទីក្រុងហុងកុង។

ទីក្រុងហុងកុងបានធ្លាក់ផុងខ្លួនអស់រយៈពេលជាច្រើនសប្ដាហ៍មកហើយ ក្នុងបាតុកម្មតវ៉ាដ៏ហិង្សា ដែលកើតឡើងដំបូងចេញពីការប្រឆាំងជំទាស់ នឹងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក។ ប៉ុន្តែបច្ចុប្បន្នក្រុមបាតុករប្រឆាំងរដ្ឋាភិបាល មិនមែនត្រឹមតែទាមទារឱ្យលុបច្បាប់នេះចោលទេ ពោលគឺពួកគេចង់ឱ្យនាយកប្រតិបត្តិក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) ចុះចេញពីតំណែងតែម្ដង។

គួរបញ្ជាក់ថា ខណៈក្រុមបាតុករបានប្រកាសថា ពួកគេនឹងដឹកនាំធ្វើបាតុកម្មតវ៉ាជាថ្មី រយៈពេលបីថ្ងៃ ដោយចាប់ផ្ដើមនៅថ្ងៃសុក្រសប្ដាហ៍នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងហុងកុង ទីក្រុងវ៉ាស៊ីនតោនក៏បានព្រមានពលរដ្ឋអាមេរិក​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលធ្វើដំណើរមកដល់ទីក្រុងមួយនេះផងដែរ៕