(ហ្សេរុយសាឡឹម)៖ តាមមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា មានទាហានអ៊ីស្រាអ៊ែលម្នាក់ ត្រូវបានគេចាក់សម្លាប់នៅឯភាគខាងជើងតំបន់ វែសត៍ប៊ែង (West Bank) នៅព្រឹកថ្ងៃប្រហស្បតិ៍នេះ ខណៈជនល្មើសបានរត់គេចពីកន្លែងកើតហេតុបាត់ទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ ២០១៩។

អ្នកនាំពាក្យរបស់កងកម្លាំងយោធាអ៊ីស្រាអែល (IDF) បានឲ្យដឹងថា «សាកសពទាហានអ៊ីស្រាអ៊ែលម្នាក់នោះ ត្រូវបានគេរកឃើញនៅព្រឹកព្រលឹមថ្ងៃប្រហស្បហ៍នេះ ហើយនៅលើដងខ្លួនជនរងគ្រោះបានបន្សល់ទុកស្នាមរបួស ដែលត្រូវគេចាក់ពីក្រោយខ្នងជាច្រើនកន្លែងផងដែរ»។ លើសពីនេះប្រភពដដែល ក៏បានបញ្ជាក់ទៀតថា ទាហានម្នាក់នោះមិនបានស្លៀកពាក់ឯកសណ្ឋានយោធា ហើយក៏មិនមានអាវុធកាន់នឹងដៃនោះដែរ។

ដោយឡែកក្រុមប្រឹក្សាមូលដ្ឋានរបស់តំបន់ អូហ្វ្រា (Ofra) បានកំណត់អត្តសញ្ញាណទាហាន ដែលត្រូវបានសម្លាប់នោះថា គឺមានឈ្មោះ ឌីវា សូរ៉េក (Dvir Sorek) អាយុ ១៩ឆ្នាំជានិស្សិតយោធាម្នាក់ ហើយក៏ជាអ្នកស្រុកនៅតំបន់ Ofra នោះដែរ។
ជុំវិញបញ្ហានេះនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ បានថ្កោលទោសការសម្លាប់នេះថា ជាការវាយប្រហារភេរវកម្មដ៏សាហាវមួយ។ ហើយថែមទាំងប្តេជ្ញាចិត្តតាមស៊ើបអង្កេតរកជនល្មើស យកមកកាត់ទោសឲ្យទាល់តែបាន។

គួរជម្រាបថា អ៊ីស្រាអែលបានដណ្តើមកាន់កាប់តំបន់ West Bank រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត និងតំបន់ហ្គាហ្សាក្នុងសង្គ្រាមឆ្នាំ១៩៦៧ ហើយបានបន្តគ្រប់គ្រងតំបន់នេះរហូតមកទល់ពេលឥឡូវ ទោះបីមានការរិះគន់ពីអន្តរជាតិយ៉ាងណាក៏ដោយ។ ដោយឡែកប្រជាជនប៉ាឡេស្ទីន ក៏ចង់បង្កើតរដ្ឋឯករាជ្យរបស់ខ្លួនមួយ ដោយទាមទារកំណត់យកព្រំដែនមុនសង្គ្រាមឆ្នាំ១៩៦៧ ជាមួយនឹងការចង់បានទីក្រុងហ្សេរុយសាឡឹមខាងកើត ធ្វើជារដ្ឋធានីរបស់ខ្លួនផងដែរ៕