(វ៉ាស៊ីនតោន)៖ ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក នៃគណបក្សសាធារណរដ្ឋជាច្រើននាក់ បានស្នើឱ្យក្រុមហ៊ុន Google បកស្រាយលើការចោទប្រកាន់នានាថា ក្រុមបច្ចេកវិទ្យាយក្សអាមេរិកមួយនេះ បានសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដើម្បីអភវិឌ្ឍន៍កម្មវិធី Smart Speaker ដែលអាចលួចស្ដាប់កិច្ចសន្ទនារបស់អ្នកប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។

សំណើរបស់ក្រុមសមាជិកព្រឹទ្ធសភា ក្នុងនោះមានទាំងលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ត្រូវបានធ្វើឡើងនៅក្នុងលិខិតមួយផ្ញើជូននាយកប្រតិបត្តិ Google លោក សាន់ដា ភីឆៃ (Sundar Pichai) ជាមួយការសង្កត់ធ្ងន់ទៅលើព័ត៌មានដែលថា Google បានសហការនឹង Huawei ក្នុងការអភវិឌ្ឍកម្មវិធី Smart Speaker ឬឧបករណ៍បំពងសំឡេងឆ្លាតវៃ នៅមុនប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់កំហិតលើក្រុមបច្ចេកវិទ្យាចិនមួយនេះ។

លើសពីនេះទៅទៀត បើតាមក្រុមសមាជិកព្រឹទ្ធសភាខាងលើ ក្រុមហ៊ុន Google ក៏ត្រូវតែបកស្រាយឱ្យច្បាស់ផងដែរពាក់ព័ន្ធនឹងការចោទប្រកាន់ថា បានលួចសហការជាមួយ Huawei ក្នុងការបង្កើតកម្មវិធីស្វែងរកទិន្នន័យ (censorship-tailored search engine) សម្រាប់ចិន ក៏ដូចជាការបើកមជ្ឈមណ្ឌលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងទីក្រុងប៉េកាំងជាដើម ជាថ្នូរនឹងការជួយសម្របសម្រួលពីគណបក្សកុម្មុយនិស្ដចិន ដល់ការធ្វើពាណិជ្ជកម្មរបស់ខ្លួននៅក្នុងប្រទេសចិន។

ទោះបីជាមានការចោទប្រកាន់ជាច្រើនខាងលើនេះក្តី ក៏អ្នកនាំពាក្យក្រុមហ៊ុន Google បានបដិសេធថា ក្រុមហ៊ុនខ្លួនមិនបានអភិវឌ្ឍ smart speakers ជាមួយ Huawei នោះទេ ខណៈក្រុមហ៊ុននៅតែទុកការរក្សាសន្តិសុខ និងព័ត៌មានឯកជនរបស់អ្នកប្រើប្រាស់គឺជាអទិភាព។ ចំណែឯខាងក្រុមហ៊ុន Huawei មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕