(ម៉ានីល)៖ នាថ្ងៃពុធម្សិលមិញនេះ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan បានដឹកនាំនាវាយោធាប៉ុន្មានគ្រឿង​ទៀត រួមមាននាវាបំពាក់មីស៊ីលប្រដេញ USS Chancellorville និង USS Antietam ចូលចតជាថ្មីម្តងទៀត នៅកំពង់ផែរបស់ទីក្រុង​ម៉ានីល​នៃប្រទេសហ្វីលីពីន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Rappler នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ២០១៩។

គោលដៅផ្លូវការរបស់ក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិក Ronald Reagan ក្នុងការធ្វើទស្សនកិច្ចនៅទីក្រុងម៉ានីល គឺជាការ​ចូលចតសម្រាកពីភារកិច្ចល្បាតរបស់ខ្លួននៅលើផ្ទៃសមុទ្រ ដើម្បីអនុញ្ញាតឲ្យនាវិកប្រមាណជាង៥,០០០នាក់ បន្ធូរបរិយាកាស​។ កំឡុងឱកាសនេះ កម្មវិធីមួយចំនួននឹងត្រូវរៀបចំឡើងជាមួយកងទ័ពជើងទឹករបស់ហ្វីលីពីន។

គួរជម្រាបថា ក្រុមនាវាដឹកយន្តហោះចម្បាំងអាមេរិកខាងលើ បានមកដល់ប្រទេសហ្វីលីពីន ក្រោយពីបានធ្វើដំណើរឆ្លងកាត់​ដែនសមុទ្រចិនខាងត្បូង ដែលមានបញ្ហាវិវាទ ដោយក្នុងនោះប្រទេសពាក់ព័ន្ធរួមមានទាំងចិននិងហ្វីលីពីន។ វាគឺជាលើកទីពីរ​ហើយ ដែលនាវា USS Ronald Reagan បានចូលចតនៅទីក្រុងម៉ានីល ដោយលើកដំបូងគឺកាលពីខែមិថុនា ឆ្នាំ២០១៨៕