(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ការបាញ់សាកល្បងគ្រាប់មីស៊ីល​ពីសំណាក់កូរ៉េខាងជើង នឹងមិនអាចធ្វើឱ្យប៉ះពាល់ដល់បរិយាកាស នៃកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ​នៅឧបទ្វីបកូរ៉េឡើយ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហ៊ួ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែសីហា ឆ្នាំ ២០១៩។

ការកត់សំគាល់ខាងលើ ត្រូវបានធ្វើឡើងក្នុងសន្និសីទការសែតរួមគ្នាមួយ របស់លោករដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស គឺលោក ដូមីនីក រ៉ាអាប់ (Dominic Raab) នៅថ្ងៃពុធ។

នៅសន្និសីទការសែតខាងលើ លោកប្រមុខការទូតអាមេរិកបានគូសបញ្ចាក់ថា ការផ្អាកបាញ់មីស៊ីលមានសមត្ថភាពបំពាក់គ្រាប់នុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយមធ្យមរបស់ក្រុងព្យុងយ៉ាង គឺជាសញ្ញាល្អមួយ។

លោក Pompeo ក៏បានសង្កត់ធ្ងន់ទៀតថា «យើងសង្ឈឺមថា នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងនឹងវិលត្រឡប់ចូលតុចរចាគ្នាឡើងវិញ ជាមួយកូរ៉េខាងជើង... ហើយគោលបំណងរបស់សហរដ្ឋអាមេរិក ចំពោះការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង គឺមិនបានផ្លាស់ប្តូរឡើយ»

គួរបញ្ជាក់ថា ក្នុងកំឡុងពេលមិនដល់ពីរសប្តាហ៍ផង កូរ៉េខាងជើងបានបាញ់មីស៊ីរយៈចម្ងាយខ្លី និងមធ្យមរហូតទៅដល់បួនដង ដើម្បីជាការឆ្លើយទៅនឹងការព្រមានមិនស្តាប់ទៅលើកូរ៉េខាងត្បូង និងអាមេរិក ដែលបាននិងកំពុងធ្វើសមយុទ្ធយោធារួមគ្នានៅឧបទ្វីបកូរ៉េ ខណៈដែលទីក្រុងព្យុងយ៉ាងកន្លងមកតែងតែចាត់ទុកទង្វើបែបនេះថា ជាការត្រៀមឈ្លានពានខ្លួននោះ៕