(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង មិនបានអញ្ជើញ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី ចូលរួមក្នុងកិច្ចប្រជុំ G7 ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅប្រទេសបារាំង ក្នុងខែសីហានេះទេ។ នេះបើតាមមន្ត្រីទូតបារាំងម្នាក់ ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

មន្ត្រីទូតបារាំងខាងលើ ធ្វើការអះអាងបែបនេះ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ សារព័ត៌មាន Al-Monitor និងជាការបដិសេធទៅនឹងសេចក្ដីរាយការណ៍ដែលថាលោក ម៉ាក្រុង បានអញ្ជើញលោក រូហានី មកចូលរួមកិច្ចប្រជុំកំពូល G7 នៅក្នុងទីក្រុង Biarritz ប្រទេសបារាំង ដើម្បីជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ដោយឡែក លោក រូហានី ផ្ទាល់ក៏បានទាត់ចោលសេចក្ដីរាយការណ៍នេះដែរ។ ប៉ុន្តែ ទីក្រុងប៉ារីស មិនទាន់ ធ្វើអត្ថាធិប្បាយលម្អិតអ្វីនៅឡើយទេ។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូល G7 ដែលមានប្រទេសជាសមាជិកដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក គ្រោងនឹងធ្វើឡើងនៅក្នុង ទីក្រុង Biarritz ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហានេះ៕