(ពិភពលោក)៖ នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោងតាមមន្ទីរការពារជាតិបញ្ចកោណអាមេរិកបានឲ្យដឹងថា ក្រុមហ៊ុនផលិតអាវុធដ៏ធំរបស់សហរដ្ឋអាមេរិក ឡុកឃីដម៉ាទីន (Lockheed Martin) ទទួលបានកិច្ចសន្យាដែលមានតម្លៃជាង ៤០០លានដុល្លារអាមេរិក សម្រាប់ការផ្គត់ផ្គង់គ្រឿងបន្លាស់ និងឧបករណ៍សម្រាប់ការធ្វើតេស្តមីស៊ីលរយៈចម្ងាយមធ្យម ទៅឲ្យមន្ទីរបញ្ចកោណ៕

២៖ អាជ្ញាធរថៃបានរកឃើញគ្រាប់បែកកែច្នៃមិនទាន់ផ្ទុះមួយគ្រាប់ នៅឯផ្សារមួយ កន្លែងស្ថិតនៅចំកណ្ដាល ទីក្រុងបាងកក នៅថ្ងៃពុធនេះ បន្ទាប់ពីមានករណីផ្ទុះគ្រាប់បែក បណ្ដាលឱ្យមនុស្ស៤នាក់រងរបួស កាលពីសប្ដាហ៍មុន៕

៣៖ ទាំងតំណាងរាស្រ្តបក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ កំពុងតែគ្រោងបង្ខំឲ្យប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្មលើតួកគី ប្រសិនបើលោកមិនអាចបញ្ជាក់ច្បាស់ៗឲ្យបានឆាប់អំពីមធ្យោបាយដាក់ ពិន័យលើទីក្រុងអង់ការ៉ា ជុំវិញការទិញប្រព័ន្ធមីស៊ីលការពារអាកាស S-400 ពីប្រទេសរុស្ស៊ី ដែលត្រូវបានចាត់ទុកថា ជាទង្វើនាំឲ្យខូចយុទ្ធសាស្ត្រនៃអង្គការ NATO ទេនោះ៕

៤៖ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ (Joko Widodo) បានគំរាមបណ្តេញមន្ត្រីយោធា និងប៉ូលិសចេញពី តំណែង ប្រសិនបើពួកគេណាមួយបរាជ័យ ក្នុងការពន្លត់ភ្លើងដែលបាននិងកំពុងឆេះព្រៃយ៉ាងសន្ធោសន្ធៅបំផុត៕

៥៖ ក្រុមហ៊ុនផលិតសព្វាវុធបម្រើវិស័យការពារជាតិអ៊ីស្រាអែល អ៊ែលប៊ីត (Elbit Systems) នាថ្ងៃពុធនេះបាន និយាយថា ខ្លួនទើបទទួលបានកិច្ចសន្យាទំហំ ៨០លានដុល្លារ ដើម្បីដំឡើងសមត្ថភាពរថក្រោះឲ្យយោធា នៅប្រទេសមួយស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍៕

៦៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) បាននិយាយថាទីក្រុងវ៉ាស៊ីតោនបានត្រៀម ខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មលើបណ្ដាប្រទេស ឬក្រុមហ៊ុនអន្តរជាតិទាំងឡាយណា ដែលបន្តគាំទ្រ និងធ្វើពាណិជ្ជកម្មជាមួយរដ្ឋាភិបាល នៃប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ៕