(វ៉ាស៊ីនតោន)៖ ព្រឹត្តិការណ៍ដ៏ធំមួយឈ្មោះថា «Storm Area 51» ដែលជាផែនការ ប្រមូលផ្តុំគ្នាសម្រុកចូលលុកលុយមូលដ្ឋានសម្ងាត់ Area 51 របស់យោធាអាមេរិកនៅរដ្ឋ Nevada ដើម្បីទម្លាយរកការពិតនៅ ពីក្រោយភាពអាថ៌កំបាំងនៃមូលដ្ឋាននេះ ត្រូវបានបណ្តាញសង្គម Facebook ច្រឡំលុបចោល ប៉ុន្តែពេលនេះបានបើកឡើងវិញ ជាធម្មតា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Futurism នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

តាមការបញ្ជាក់ពី Facebook មូលហេតុដែលខ្លួនសម្រេចលុបចោលព្រឹត្តិការណ៍ខាងលើ គឺវាបានរំលោភលើស្តង់ដាសហគមន៍ (Community Standard) របស់ក្រុមហ៊ុន Facebook។ ប៉ុន្តែក្រោយមកតំណាងរបស់ Facebook បានបកស្រាយថា «វាជាការយល់ច្រឡំ» ហើយព្រឹត្តិការណ៍នោះត្រូវបានបើកដូចដើមឡើងវិញ។

ព្រឹត្តិការណ៍ «Storm Area 51» ទទួលបានការចុះឈ្មោះថានឹងចូលរួមពីសំណាក់អ្នកប្រើ ប្រាស់បណ្តាញសង្គមយក្សនេះដល់ទៅជាង ០២លាននាក់ ក្រោយពីបានបង្កើតឡើងមិនយូរប៉ុន្មានឡើយ។ ផែនការនេះបាន ទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ពីសំណាក់បណ្តាញសារព័ត៌មាន ជាពិសេសនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ រហូតដល់ថ្នាក់មានការបើកវគ្គធ្វើបទបង្ហាញ​ដើម្បីត្រៀមទល់ទល់ ហើយកងទ័ពអាកាសអាមេរិកក៏បានចេញមុខព្រមាន មិនមហាជននានាចូលទៅក្បែរមូលដ្ឋាននោះផងដែរ ព្រោះវាគ្រាន់តែជាមូលដ្ឋានទ័ពប៉ុណ្ណោះ ដែលត្រូវការធានាសន្តិសុខ និងរក្សាការសម្ងាត់ជារឿងធម្មតា។

គួរជម្រាបថា គម្រោងខាងលើបានគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ។ មូលដ្ឋាន Area 51 ឬតំបន់ ៥១ របស់កងទ័ពអាកាសអាមេរិក ជាយូរណាស់មកហើយ បានស្ថិតក្រោមការសង្ស័យរបស់សាធារណជនអាមេរិកទូទៅថា វាអាចជាកន្លែងដែលរដ្ឋាភិបាលពួកគេ «លាក់ទុកអាថ៌កំបាំងរសើបៗជាច្រើន» រួមមានទាំងមនុស្សក្រៅភព (Aliens) ឬថាសហោះ (UFO) ជាដើម។ ទោះបីជាបែបេះក្តី ការចង់ដឹងការពិតគឺពិតជាពិបាកទប់ស្កាត់ណាស់ ហើយស្ថានការណ៍ទៅជាយ៉ាងណា មានតែរង់ចាំដល់ថ្ងៃទី២០ ខែកញ្ញា តែប៉ុណ្ណោះ៕