(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ថ្មីៗនេះបាននិយាយថា សហរដ្ឋអាមេរិក គឺជាអ្នកដែលធ្វើឲ្យរូប លោក បង្ខំចិត្តងាកទៅរករដ្ឋាភិបាលចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០១៩។

លោក ឌូតឺតេ បាននិយាយដូច្នេះថា «វាគឺជាកំហុសអ្នកឯងហ្នឹងហើយ» ដោយលោកចង់សំដៅលើការដែលសហរដ្ឋអាមេរិក មិន លក់កាំភ្លើងឲ្យប៉ូលិសហ្វីលីពីន កាលពីប៉ុន្មានឆ្នាំមុន។ ពេលនោះ សភាអាមេរិកបានជំទាស់គម្រោងនេះ ព្រោះតែយល់ថាលោក ឌូតឺតេ រំលោភសិទ្ធិមនុស្ស។ បើតាមលោកប្រធានាធិបតីហ្វីលីពីន ប្រការនេះហើយទើបធ្វើឲ្យប្រទេសលោក បង្ខំចិត្តកសាងទំនាក់ទំនង កាន់តែជិតស្និទ្ធ ជាមួយ ចិនក៏ដូចជារុស្ស៊ីថែមទៀត ដើម្បីស្វែងរកអ្នកផ្គត់ផ្គង់អាវុធថ្មីឲ្យខ្លួន។

គួរជម្រាបថា កាលពីឆ្នាំ២០១៦ ប៉ូលិសហ្វីលីពីនបានគ្រោងទិញកាំភ្លើងបាញ់រះចំនួន២៦,០០០ដើម ពីអាមេរិក។ កន្លងទៅនេះ ហ្វីលីពីនក៏ បានបង្ហាញបំណងចង់ទិញកាំភ្លើងរះរាប់ម៉ឺនដើមជាថ្មីម្តងទៀតពីសហរដ្ឋអាមេរិកផងដែរ ប៉ុន្តែហាក់មិនទាន់មានការ ឆ្លើយតបនៅឡើយទេ៕