(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ មកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ខាងក្រោមគឺជាប្រវត្តិរូបត្រួសៗរបស់លោកប្រធានាធិបតី៖

* ប្រវត្តិរូបផ្ទាល់ខ្លួន

លោក Sirisena កើតនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៥១ នៅភូមិឈ្មោះថា Yagoda ដែលបច្ចុប្បន្នស្ថិតក្នុងក្រុង Gampaha ភាគខាងជើងរដ្ឋធានីកូឡុំបូ។ គ្រួសាររបស់លោកមានកម្រិតជីវភាពមធ្យម ខណៈឪពុកលោកឈ្មោះ Albert Sirisena ដែលជាទាហាន និង ម្តាយឈ្មោះ Dona Nandawathi ជាគ្រូបង្រៀន។

គួ្រសារលោកបានផ្លាស់ទីលំនៅពីក្រុង Gampaha ទៅក្រុង Polonnaruwa ហើយនៅឆ្នាំ១៩៥៥ លោកក៏បានចាប់ផ្តើមទទួលការ សិក្សានៅទីនោះ។ នៅឆ្នាំ១៩៧៣ លោក Sirisena បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្ម ក្នុងប្រទេស ខណៈនៅឆ្នាំ១៩៨០ លោកទទួលបានបរិញ្ញាបត្រ ផ្នែកវិទ្យាសាស្រ្តនយោបាយ មកពីប្រទេសរុស្ស៊ី។ សព្វថ្ងៃ លោកមានភរិយាឈ្មោះ Jayanthi Pushpa Kumari និងបុត្រ៣នាក់ (ស្រីពីរនាក់ និងប្រុសម្នាក់)។

* ការប្រឡូកចូលឆាកនយោបាយ

លោក Maithripala Sirisena បានចាប់ផ្តើមចូលប្រឡូកក្នុងឆាកនយោបាយនៅឆ្នាំ១៩៨៩ ក្នុងនាមជាសមាជិកសភា នៃប្រទេសស្រីលង្កា ហើយបានកាន់តួនាទីជាអនុរដ្ឋមន្រ្តី និងរដ្ឋមន្រ្តី នៅក្នុងក្រសួងមួយចំនួនរបស់រដ្ឋាភិបាលស្រីលង្កា ចាប់តាំងពីឆ្នាំ១៩៩៤មក រួមមានក្រសួងធារាសាស្រ្ត ក្រសួងកសិកម្ម និងក្រសួងសុខាភិបាលជាដើម។ លោកក៏ធ្លាប់បានកាន់តួនាទីផ្សេងៗ នៅក្នុងគណៈកម្មាធិការនៃសភាស្រីលង្កាផងដែរ។ លោក Sirisena ជាប្រធានគណបក្ស Sri Lanka Freedom Party (SLFP)។

* ក្លាយជាប្រធានាធិបតី

នៅខែវិច្ឆិកា ឆ្នាំ២០១៤ លោក Maithripala Sirisena ត្រូវបានជ្រើសរើសជាបេក្ខជនតំណាងឲ្យសម្ព័ន្ធក្រុមបក្សប្រឆាំង ដើម្បីទៅប្រជែងក្នុងការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីស្រីលង្កា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៥។ លទ្ធផលឆ្នោតបានបង្ហាញថា លោក Sirisena បានទទួលជ័យជម្នះលើលោក Mahinda Rajapaksa ដែលកាលនោះជាប្រធានាធិបតី។ នៅថ្ងៃបន្ទាប់គឺថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ លោក Sirisena ក៏បានឡើងកាន់អំណាចជាប្រធានាធិបតី ទី០៧ នៃប្រទេសស្រីលង្កា។ លោក Sirisena ក៏មានតួនាទីជាប្រមុខការពារជាតិស្រីលង្កាផងដែរ។

ស្រីលង្កា ជាប្រទេសដែលស្ថិតនៅក្នុងទ្វីបអាស៊ី ភាគខាងត្បូង មានទំហំ៦៥,៦១០គីឡូម៉ែត្រាការ៉េ, ប្រជាពលរដ្ឋគិតឆ្នាំ២០១៨ មានចំនួនជាង២១លាននាក់, ចំណែកប្រាក់ចំណូល (GDP) ប្រជាពលរដ្ឋម្នាក់៤២៦៥ក្នុងមួយឆ្នាំ។ សម្រាប់ការបើកបរលើផ្លូវសាធារណប្រកាន់ឆ្វេង៕