(ហុងកុង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei បានប្តឹងទាមទារសំណងពីក្រុមហ៊ុន​អាមេរិក Flex Ltd ពីបទរឹបអូសទំនិញរបស់ខ្លួនដែលមានតម្លៃ ៤០០លានយ័ន (៥៧លានដុល្លារអាមេរិក) ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសចិនកំពុងតែមានបញ្ហាវិវាទពាណិជ្ជកម្ម រហូតដល់ក្រុមហ៊ុន Huawei ត្រូវធ្លាក់ចូលក្នុងបញ្ជីខ្មៅនោះ។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

អ្នកនាំពាក្យក្រុមហ៊ុន Huawei លោក ហ្គូវ ហ្វូលី (Guo Fuli) មិនបានបញ្ជាក់អំពី​ចំនួនទឹកប្រាក់សំណង ដែលក្រុមហ៊ុនចិននេះប្តឹងទាមទារពីក្រុមហ៊ុន Flex Ltd មានប្រភពពីអាមេរិកនោះឡើយ ប៉ុន្តែបុគ្គលមួយរូបដែលស្និទ្ធនឹងបញ្ហានេះ បានបញ្ជាក់ដោយមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុន Huawei បានប្តឹងទាមទារប្រាក់សំណង​រហូតដល់ទៅរាប់រយលានយ័ន ឬស្មើនឹងរាប់សិបលានដុល្លារអាមេរិកឯណោះ ពាក់ព័ន្ធនឹងការធ្វើខាតបង់ចំណូល, បាត់បង់គ្រឿងបរិក្ខា និងបញ្ហាដទៃទៀតដែលត្រូវបាន​ Huawei ចាត់ទុកថាបានធ្វើក្រុមហ៊ុនរងគ្រោះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Flex មានទីស្នាក់ការកណ្តាលនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក។ Flex គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូវនិក ធំបំផុត​មួយដែរនៅលើពិភពលោក និងជាអ្នកប្រកួតប្រជែងដ៏ធំជាមួយនិងក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់ នៅក្នុងការផ្តល់កិច្ចសន្យាផលិតផលិតផលស្មាតហ្វូន និងឧបករណ៍ 5G ឲ្យក្រុមហ៊ុនចិន Huawei។ ជុំវិញបញ្ហាអ្នកនាំពាក្យក្រុមហ៊ុន Flex ក៏បានប្រាប់មកកាន់ Reuters ផងដែរថា ខ្លួនបានទទួលដំណឹងនេះហើយ និងកំពុងរៀបចំចេញសេចក្តីថ្លែងការណ៍មួយក្នុងពេលឆាប់ៗ ប៉ុន្តែមិនបានបញ្ជាក់អ្វីបន្ថែមពីនេះឡើយ៕