(ប៉េកាំង)៖ ខណៈយុទ្ធនាការឃោសនាត្រៀមសម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ កំពុងប្រព្រឹត្តទៅយ៉ាងផុសផុលនោះ អ្នកនយោបាយមួយចំនួននៅសហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំងថា កំពុងតែព្យាយាមចូលដៃគ្នាជាមួយបក្សប្រជាធិបតេយ្យអាមេរិក ដើម្បីបង្វិលការបោះឆ្នោតនាឆ្នាំក្រោយនេះ ឲ្យទទួលបានលទ្ធផលតាមចិនចង់បាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

នេះមិនមែនជាលើកទីមួយឡើយ ដែលអ្នកនយោបាយអាមេរិកបានប្រើយុទ្ធសាស្រ្តបែបនេះ។ តួយ៉ាងកំឡុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីជាន់ខ្ពស់មួយចំនួនក្នុងជួររដ្ឋាភិបាលលោក ដូណាល់ ត្រាំ ក៏ធ្លាប់បានអះអាងដែរថា ចិនបានប៉ុនប៉ងលូកដៃជ្រៀតជ្រែកក្នុងការបោះឆ្នោតកាលនោះ។ ប៉ុន្តែបើតាមលោកស្រី ឃើសជិន នាលសិន (Kirstjen Nielsen) ដែលគ្រានោះជារដ្ឋមន្រ្តីសន្តិសុខជាតិអាមេរិក បានលើកឡើងថា ការអះអាងនេះមិនជាការពិត ព្រោះគ្មានការរកឃើញតំរុយណាមួយ ដែលបង្ហាញថា បរទេសបានព្យាយាមចូលលូកលាន់ដំណើរការបោះឆ្នោតអាមេរិកឡើយ។

រដ្ឋាភិបាលចិនតែងតែបានប្តេជ្ញាជាដដែលៗថា ទីក្រុងប៉េកាំងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ។ និយាយរួមចិនមិនធ្លាប់លូកលាន់ផ្ទៃក្នុង ប្រទេសណាមួយឡើយ ហើយក៏នឹងគ្មានថ្ងៃធ្វើយ៉ាងដូច្នោះនាពេលអនាគតដែរ។ ចាប់តាំងពីទំនាក់ទំនងការទូតរវាងចិន និងអាមេរិក ត្រូវបានបង្កើតឡើងកាលពី ៤ទសវត្សរ៍មុន ទីក្រុងប៉េកាំងបានព្យាយាមសហការជាមួយរដ្ឋាភិបាលអាមេរិក ដោយមិនប្រកាន់ថាជាបក្សសាធារណរដ្ឋ ឬបក្សប្រជាធិបតេយ្យនោះទេ ដោយឈរលើការគោរព និងការផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

ផ្ទុយទៅវិញ បើតាមរបាយការណ៍សិក្សាស្រាវជ្រាវកន្លងមក ទីក្រុងវ៉ាស៊ីនតោនឯណោះទេ ដែលទំនងជាអ្នកជំនាញខាងលូកដៃចូលការបោះឆ្នោតនៃប្រទេសដទៃ ដោយមានការរកឃើញថា សហរដ្ឋអាមេរិកបានចូលជ្រៀតជ្រែកយ៉ាងតិច ៦២លើក ក្នុងការបោះឆ្នោតនៅបរទេស កាលពីចន្លោះឆ្នាំ១៩៤៦ និងឆ្នាំ១៩៨៩ និងករណីថ្មីចុងក្រោយគេនៅវេណេស៊ុយអេឡាតែម្តង។ ក្រោយ លោក ម៉ាឌូរ៉ូ បានបន្តជាប់ឆ្នោតជាប្រធានាធិបតីវេណេស៊ុយអេឡា ទីក្រុងវ៉ាស៊ីនតោនមិនទទួលស្គាល់លទ្ធផលនេះឡើយ និងបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះលោក ហ្គៃដូ ដែលជាមេបក្សប្រឆាំង ឲ្យបង្កអំពើហិង្សានិងចលាចល នៅក្នុងប្រទេសអាមេរិកខាងត្បូងនេះ ហើយដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើវេណេស៊ុយអេឡាថែមទៀត ព្រោះតែមិនបានដូចបំណងខ្លួន។

មិនតែប៉ុណ្ណោះ ទីក្រុងវ៉ាស៊ីនតោនក៏ងាយនឹងលូកដៃដោយបើកចំហ ចូលក្នុងបញ្ហារបស់ប្រទេសដទៃ ដោយមិនខ្វល់ខ្វាយពី ផលវិបាកថាធ្ងន់ធ្ងរយ៉ាងណាឡើយដែរ ដូចជាការឈ្លានពានប្រទេសអ៊ីរ៉ាក់ និងការបោះមូលដ្ឋានទ័ព ដោយគ្មានការអនុញ្ញាតនៅស៊ីរីជាដើម។ ការដែលអ្នកនយោបាយអាមេរិកខ្លះដើរចោទប្រកាន់ថា មានបរទេសចង់ចូលលូកដៃក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ខ្លួនបែបនេះ គឺអ្នកទាំងនោះចង់បង្វែរចំណាប់អាម្មណ៍ពលរដ្ឋអាមេរិក ដែលជាម្ចាស់ឆ្នោត ឲ្យងាកចេញពីបញ្ហាពិតជាក់ស្តែងជាច្រើន នៅក្នុងប្រទេសពួកគេផ្ទាល់ ខណៈការជ្រើសរើសប្រធានាធិបតី នឹងមកដល់នៅឆ្នាំ២០២០៕