(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុនកែច្នៃសំបកដប និងកំប៉ុងធំជាងគេនៅរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក ទីបំផុតបានសម្រេចបញ្ឈប់ប្រតិបត្តិការជាអចិន្ត្រៃយ៍តែម្តង ក្រោយពីឈរជើងអស់រយៈពេល ០៥ទសវត្សរ៍មកហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

ក្រុមហ៊ុន រេផ្លេណេត (RePlanet) បានបិទរោងចក្រកែច្នៃទាំង ២៨៤កន្លែងរបស់ខ្លួន នៅទូទាំងរដ្ឋកាលីហ្វរញ៉ា ដោយសារតែការធ្លាក់ចុះទាបនៃតម្លៃអាលុយមីញ៉ូម ដែលត្រូវបានកែច្នៃ និងកំណើននៃទំហំការចំណាយសម្រាប់ធ្វើប្រតិបត្តិការ ខណៈបុគ្គលិកខ្ទង់ ៧៥០នាក់ នឹងត្រូវបាត់បង់ការងារ។ កាលពី០៣ឆ្នាំមុន ក្រុមហ៊ុន RePlanet បានបិទទ្វាររោងចក្រចំនួន ១៩១កន្លែង និងកាត់បន្ថយបុគ្គលិក ២៧៨នាក់។

គួរជម្រាបថា ខណៈក្រុមហ៊ុន RePlanet ជាក្រុមហ៊ុនកែច្នៃសំបកកំប៉ុង និងដបបំផុតនៅកាលីហ្វរញ៉ា សំរាមប្រភេទនេះនឹងត្រូវកើនឡើងវត្តមានកាន់តែច្រើន នៅទីលានចោលសំរាមក្នុងរដ្ឋកាលីហ្វរញ៉ា៕