(ស៊ីដនី)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អ៊ែស្ពើ (Mark Esper) បាននិយាយថា សហរដ្ឋអាមេរិកចង់ដាក់ពង្រាយមីស៊ីលរយៈចំងាយមធ្យម នៅក្នុងតំបន់អាស៊ីឱ្យបានលឿន តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែទន្ទឹមគ្នានេះប្រមុខមន្ទីរបញ្ចកោណរូបនេះ មិនបានបញ្ជាក់លម្អិតពីទីតាំង ឬក៏ចេតនាពិតប្រាកដនៃ ការដាក់ពង្រាយមីស៊ីលនេះឡើយ ខណៈអ្នកជំនាញភាគច្រើនយល់ថា ការផែនការដាក់ពង្រាយ មីស៊ីលនេះគឺដោយសារតែការកើនឡើង នៃឥទ្ធិពលយោធារបស់ចិននៅក្នុងតំបន់។

លោក Mark Esper បានបង្ហើបពីមហិច្ឆតាខាងលើ នាឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំមួយក្នុងប្រទេសអូស្ត្រាលី កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពោលគឺតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ី ដកខ្លួនចេញជាផ្លូវការពីសន្ធិសញ្ញានុយក្លេអ៊ែរ INF។ តើសហរដ្ឋអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញានេះ ហើយបង្ហើបពីផែនការដាក់ពង្រាយមីស៊ីលនៅក្នុងតំបន់អាស៊ី គឺដោយសារតែចិន ឬក៏យ៉ាងណា? ដូច្នេះមានតែស្វែងយល់សំនួរ-ចម្លើយសំខាន់ៗដូចខាងក្រោម៖

* តើសហរដ្ឋអាមេរិកខ្លាចចិនវ៉ាដាច់ខ្លួន ខាងវិស័យយោធាមែនឬ?

សន្ធិសញ្ញានុយក្លេអ៊ែរ INF ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ១៩៨៧ ដោយអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) និងអតីតមេដឹនាំសហភាពសូវៀត លោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev)។ យោងតាមសន្ធិញ្ញានេះ សហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវបានហាមឃាត់ក្នុងការដាក់ពង្រាយ ឬអភិវឌ្ឍន៍មីស៊ីល-នុយក្លេអ៊ែរ ដែលអាចបាញ់បានក្នុងចំងាយពី ៥០០-៥,៥០០០គីឡូម៉ែត្រ។

ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១៩ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសទុកពេល ៦ខែឱ្យរុស្ស៊ីបំផ្លាញមីស៊ីលដែលទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអង្គការ NATO ចោទថា បានរំលោភលើសន្ធិសញ្ញា INF។ តែរុស្ស៊ីបានបដិសេធ ហើយរហូតមកដល់ថ្ងៃសុក្រ ទី០២ ខែសីហាកន្លងទៅទើបភាគីទាំង ២ ដកខ្លួនចេញពីសន្ធិសញ្ញានេះជាផ្លូវការ។ តែយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះយល់ថា ការដកខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន មិនមែនដោយសារតែរុស្ស៊ីតែមួយគត់នោះទេ ពោលគឺក៏ដោយសារតែចិនផងដែរ ។

សហរដ្ឋអាមេរិកក្រោមការដឹកនាំដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានមើលឃើញថា ការជាប់បម្រាមនៅក្រោមសន្ធិសញ្ញា INF បានទុកឱកាសឱ្យបណ្ដាប្រទេស ដែលជាគូប្រជែងអាមេរិកពិសេសគឺចិន (អ៊ីរ៉ង់ និងកូរ៉េខាងជើង ជាដើម) កាន់តែបានដៃអភិវឌ្ឍន៍មីស៊ីលរយៈចំងាយមធ្យម។ ជាក់ស្ដែងនៅក្រោយ ពេលព្រមានដកសហរដ្ឋអាមេរិកចេញពីសន្ធិសញ្ញា INF លោក ត្រាំ ផ្ទាល់បានលើកឡើងជាបន្តបន្ទាប់ថា លោកចង់បានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ដែលក្នុងនោះក៏រួមបញ្ចូលទាំងចិនផងដែរ តែចិនក៏ចេញមុខទាត់ចោលភ្លាមៗដែរ។

ម្យ៉ាងវិញទៀត ការលើកឡើងបែបនេះទៀតសោតរបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពីក្រុមមន្ត្រីយោធារបស់លោក បានព្រមានពីការកើនឡើង នៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់រហូតដល់មានមន្ត្រីខ្លះចាត់ទុកថា ចិនគឺជាគូប្រជែងយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក គឺធំជាងរុស្ស៊ីទៅទៀតផង។

ដោយឡែក កាលពីខែកុម្ភៈកន្លងទៅដែរ អតីតមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក លោក ហារី ហារីស (Harry Harris) បានអះអាងថា ទីក្រុងប៉េកាំង កាន់តែមានភាពរីកចម្រើន ក្នុងការអភិវឌ្ឍមីស៊ីលរយៈចំងាយមធ្យម គួរឱ្យកត់សម្គាល់ ហើយ ៩៥ភាគរយនៃមីស៊ីលរបស់កងទ័ពរំដោះប្រជាជនចិន អាចបាញ់បានចំងាយពី ៥០០-៥,៥០០គីឡូម៉ែត្រ ដែលចំងាយនេះគឺសមល្មមអាចបាញ់ដល់មូលដ្ឋានទ័ពអាមេរិក នៅទូទាំងប្រទេសជប៉ុនបានយ៉ាងងាយ។

* តើការរត់ប្រណាំងសព្វាវុធដ៏គ្រោះថ្នាក់ កំពុងតែជិតកើតឡើងជាថ្មីមែនឬ?

ក្រោយដកខ្លួនចេញពីសន្ធិសញ្ញា INF ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ទីក្រុងម៉ូស្គូនឹងចាប់ផ្ដើមអភិវឌ្ឍន៍ មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររយៈចំងាយមធ្យម បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានអភិវឌ្ឍអាវុធប្រភេទនេះមុន។ ប៉ុន្តែតាមការពិតទៅ យោធាអាមេរិកបានប្រកាសរួចហើយ ពីគំរោងបាញ់សាកល្បងមីស៊ីលបាលិស្ទីគ ជាប់បម្រាមក្រោមអតីតសន្ធិសញ្ញា INF ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចន្លោះខែសីហា និងខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លើសពីនេះទៅទៀត យោធាអាមេរិកក៏បានបញ្ជាក់ដែរថា មីស៊ីលបាលិស្ទីគបាញ់បានចំងាយ ១,០០០គីឡូម៉ែត្រ អាចនឹងត្រូវបានដាក់ពង្រាយក្នុងរយៈពេល ១៨ខែ ក្រោយការធ្វើតេស្ដ ហើយមីស៊ីលបាលិស្ទីគបាញ់បានចំងាយពី ៣,០០០-៤,០០០ គីឡូម៉ែត្រ អាចនឹងត្រូវចំណាយពេល ០៥ឆ្នាំ ឬច្រើនជាងនេះក្នុងការដាក់ពង្រាយ។

ដូច្នេះគ្រប់គ្នាមានតែអង្គុយរង់ចាំមើល ការសម្រេចចិត្តរបស់ភាគីរុស្ស៊ីប៉ុណ្ណោះ ស្របពេលអ្នកជំនាញជាច្រើនបានព្រមានថា ពិភពលោកកំពុងស្ថិតមាត់ជ្រោះនៃសង្រ្គាមត្រជាក់ និងការរត់ប្រណាំងសព្វាវុធជាថ្មី។ ដ្បិតអីបើសហរដ្ឋអាមេរិក និងរុស្ស៊ី នាំគ្នាបង្កើនការអភិវឌ្ឍមីស៊ីល-នុយក្លេអ៊ែរ នោះបណ្ដាប្រទេសដទៃដូចជា ចិន កូរ៉េខាងជើង ប៉ាគីស្ថាន ឥណ្ឌា និងអ៊ីរ៉ង់ជាដើមមុខជានឹងមិននៅស្ងៀមឡើយ ហើយប្រឹងរិះរកគ្រប់វិធី ដើម្បីបង្កើនសមត្ថភាពរបស់ពួកគេដែរ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper មិនបានបញ្ជាក់លម្អិតពីទីតាំង ឬចេតនាពិតប្រាកដនៃផែនការដាក់ពង្រាយមីស៊ីល នៅក្នុងតំបន់អាស៊ីឡើយ ដោយគ្រាន់តែអះអាងថា វាអាស្រ័យលើការពិភាក្សាជាមួយសម្ព័ន្ធមិត្តអាមេរិក។ ប៉ុន្តែអូស្ត្រាលី និងកូរ៉េខាងត្បូង បានចេញមុខបដិសេធភ្លាមៗថា នឹងមិនទទួលយកមីស៊ីលអាមេរិក មកដាក់ពង្រាយលើទឹកដីរបស់ខ្លួននោះទេ៕

ប្រភព៖ វែបសាយ Military Times (ថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩)