(ប៉េកាំង)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះបានព្រមានថា ទីក្រុងប៉េកាំងនឹងចាត់វិធានការឆ្លើយតបចាំបាច់នានា បើសិនជាសហរដ្ឋអាមេរិក ពិតជាដាក់ពង្រាយមីស៊ីលរយៈចំងាយមធ្យម នៅក្នុងតំបន់អាស៊ីពិតមែននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

លោក ហ្វូ កុង (Fu Cong) អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងអាវុធរបស់​ក្រសួងការបរទេសចិនបានធ្វើការព្រមានដូចខាងលើ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅទីក្រុងប៉េកាំង។ ម្យ៉ាងវិញទៀតការព្រមាននេះទៀតសោត ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អេស្ពើរ (Mark Esper) បានបង្ហើបពីមហិច្ឆតាក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលអាមេរិក នៅក្នុងតំបន់អាស៊ី ហើយដែលចេតនានេះត្រូវបានគេមើលឃើញថា មានគោលដៅប្រឆាំងនឹងឥទ្ធិពល យោធារបស់ចិនក្នុងតំបន់ដោយចំពោះតែម្តង។

គួរជម្រាបថា លោក Mark Esper បង្ហើបពីមហិច្ឆិតាពង្រាយមីស៊ីលក្នុងតំបន់អាស៊ី នាឱកាសដែល លោកបំពេញទស្សនកិច្ចកាលពីថ្ងៃសៅរ៍កន្លងទៅ នៅប្រទេសអូស្ត្រាលី ជាទីដែលគេរំពឹងថា អាចនឹងក្លាយជាទីតាំងដំឡើងប្រព័ន្ធមីស៊ីលអាមេរិក។ ប៉ុន្តែនាយករដ្ឋមន្ត្រីអូស្ត្រាលី បានទាត់ចោលព័ត៌មាននេះភ្លាមៗដោយអះអាងថា អូស្ត្រាលីនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក យកទឹកដីរបស់ខ្លួនដាក់ពង្រាយមីស៊ីលនោះទេ៕