(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាហើយលើបទបញ្ជា បង្កកទ្រព្យសម្បត្តិទាំងអស់នៃរដ្ឋាភិបាលវេណេស៊ុយអេឡា របស់លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែល មាននៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមសេតវិមាន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

សេតវិមានផ្អែកលើបទបញ្ជាប្រធានាធិបតីរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ដូច្នេះថា៖ « រាល់ ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬស្ថិតនៅក្រោម ដែនសមត្ថកិច្ចអាមេរិក ឬក៏នៅក្រោមការគ្រប់គ្រងរ​បស់ពលរដ្ឋអាមេរិក នឹងត្រូវបានបង្កកទុក ទាំងអស់ ហើយក៏មិនអាចផ្ទេរចេញទៅណាដែរ»។

គួរជម្រាបថា បទបញ្ជាបង្កទ្រព្យសម្បត្តិរដ្ឋាភិបាលវេណេស៊ុយអេឡា បានចូលជាធរមាននៅ ថ្ងៃចន្ទ ទី០៥ ខែសីហានេះ (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន) ហើយការរឹតត្បិតទាំងនេះត្រូវបាន គេរំពឹងថានឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនប្រេងរដ្ឋ PDVSA និងធនាគារកណ្ដាល វេណេស៊ុយអេឡា៕