(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលចំនួន២ គ្រាប់នៅព្រឹកថ្ងៃអង្គារនេះ និងជាលើកទី៤ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៦ ខែសីហា ឆ្នាំ២០១៩។

មីស៊ីលខាងលើ ត្រូវបានបាញ់ចេញពីខេត្ត Hwanghae ខាងត្បូង ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ ប៉ុន្តែភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពីការធ្វើតេស្ដនេះនៅឡើយទេ ខណៈកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងតាមដានយ៉ាងយកចិត្តទុក ដាក់លើការបាញ់សាកល្បងមីស៊ីលជាថ្មីនេះ។ កូរ៉េខាងជើងធ្លាប់បានធ្វើតេស្ដមីស៊ីលបែបនេះ៣លើករួចហើយ កាលពីថ្ងៃទី២៥ និងថ្ងៃទី៣១ ខែកក្កដា ព្រមទាំងថ្ងៃទី២ ខែសីហា កន្លងទៅនេះ។

គួរជម្រាបថា បើតាមកូរ៉េខាងត្បូង មីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ដសុទ្ធតែជាមីស៊ីល ស៊េរីថ្មី មិនធ្លាប់បានឃើញពីមុនមកឡើយ ហើយការបាញ់សាកល្បងនេះទៀតសោត ត្រូវបានគេ មើលឃើញថាគឺជាសារព្រមាន ចំពោះការចាប់ផ្ដើមធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្នុងខែសីហានេះ៕