(ញូដេលី)៖ ទីភ្នាក់ងារអវកាសឥណ្ឌា ISRO បានបញ្ចេញរូបភាពផែនដី ដែលថតបានពីទីអវកាសដោយយាន Chandrayaan-2 ខណៈយានអវកាសនេះ កំពុងធ្វើដំណើរឆ្ពោះទៅកាន់ឋានព្រះច័ន្ទ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT នៅយប់ថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

រូបភាពប៉ុន្មានសន្លឹកនោះ ត្រូវបានផ្តិតយកដោយកាមេរ៉ា LI4 ដែលបំពាក់លើយាន Chandrayaan-2 នៅចម្ងាយ៥,០០០គីឡូម៉ែត្រ ពីភពរបស់យើង ខណៈវាកំពុងឆ្ពោះទៅព្រះច័ន្ទ តាមរយៈការធ្វើដំណើរជុំវិញភពយើង ក្នុងគន្លងផ្លូវលក្ខណៈឃ្លាតឆ្ងាយបន្តិចម្តងៗ ហើយគេរំពឹងថា វានឹងផ្លាស់ចូលទៅដល់គន្លងរបស់ព្រះច័ន្ទនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

បន្ទាប់មក យានប្រភេទ Lander ឈ្មោះ Vikram នឹងផ្តាច់ខ្លួនចេញពីយានប្រភេទ Orbiter ដែលទាំងពីរគ្រឿងត្រូវបានហៅរួមគ្នាថា យានបេសកកម្ម Chandrayaan-2 ដើម្បីព្យាយាមចុះទៅជាន់លើផ្ទៃព្រះច័ន្ទ នៅថ្ងៃទី០៧ ខែកញ្ញា។ បើសិនទទួលបានជោគជ័យ ឥណ្ឌានឹងក្លាយជាប្រទេសទី៤ហើយ បន្ទាប់ពីសហភាពសូវៀត (រុស្ស៊ី) អាមេរិក និងចិន ដែលមានយានចុះទៅជាន់លើផ្ទៃព្រះច័ន្ទ ដោយសុវត្ថិភាព។

ក្រោយចុះដល់ យានមួយគ្រឿងផ្សេងទៀតប្រភេទជា Rover ឈ្មោះថា Pragyan ដែលយាន Vikram បាននាំយកទៅជាមួយគ្នា នឹងត្រូវចល័តនៅលើផ្ទៃព្រះច័ន្ទ ខណៈយាន Vikram ផ្ទាល់ គឺយានសម្រាប់ចុះចត ពុំអាចផ្លាស់ទីបានឡើយ។ អាយុកាលសម្រាប់ ការធ្វើប្រតិបត្តិការនៃយាន Pragyan គឺត្រឹម១៤ថ្ងៃប៉ុណ្ណោះ ដោយវាត្រូវគេរំពឹងថា នឹងអាចធ្វើដំណើរបានយ៉ាងតិចកន្លះគីឡូម៉ែត្រ ពីយាន Vikram ហើយផ្តិតយករូបភាពមួយចំនួន ព្រមទាំងប្រមូលទិន្នន័យនៅលើផ្ទៃព្រះច័ន្ទ ដើម្បីបាញ់បញ្ជូនមកផែនដីវិញ។

គួរជម្រាបថា Chandrayaan-2 គឺជាបេសកកម្មឆ្ពោះទៅកាន់ឋានព្រះច័ន្ទជាលើកទីពីររបស់ប្រទេសឥណ្ឌា។ ចំណុចខុសគ្នារវាង បេសកកម្មទាំងពីរ គឺត្រង់ថា បេសកកម្ម Chandrayaan-1 ពុំមានយាន Lander សម្រាប់ចុះចតឡើយ គឺមានតែយាន Orbiter សម្រាប់សិក្សាព្រះច័ន្ទពីចម្ងាយ។ បេសកកម្ម Chandrayaan-1 បានចាប់ផ្តើមកាលពីខែតុលា ឆ្នាំ២០០៨ ខណៈនៅខែវិច្ឆិកា ឆ្នាំដដែល វាបានបាញ់វត្ថុមួយទៅបំបុកផ្ទៃនៃតំបន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ហើយបេសកកម្មនេះបានបញ្ចប់ទៅកាលពីខែសីហា ឆ្នាំ២០០៩៕