(បាងកក)៖ បន្ទាប់ពីប្រទេសថៃបានល្បីរន្ទឺសាជាថ្មី ដោយសារតែករណីបង្កៃ និងបំផ្ទុះគ្រាប់បែក​ជាច្រើនករណីនៅតាមទីតាំងប្រជុំជនសំខាន់ៗ នៅក្នុងរាជធានីបាងកក ចំពេលប្រទេសអាស៊ានមួយនេះ កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបកំពូលថ្នាក់អន្តរជាតិ​កាលពីសប្តាហ៍មុននោះ នាថ្ងៃចន្ទសប្តាហ៍ថ្មីនេះនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ក្រុមអ្នកបង្កៃ និងបំផ្ទុះគ្រាប់បែកនោះជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

អ្នកនាំពាក្យរដ្ឋមន្ត្រីថៃ ណារូម៉ុន ភីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) បានបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីជាស្ថានការណ៍បច្ចុប្បន្ន ស្ថិតនៅក្នុងការគ្រប់គ្រងក៏ដោយ ប៉ុន្តែសន្តិសុខនៅតែស្ថិតក្នុងការប្រុងជើងការខ្ពស់...។ ដូច្នេះលោកនាយករដ្ឋមន្ត្រីថៃស្នើឲ្យ​អគ្គមេបញ្ជាការប៉ូលិសជាតិថៃលោក ឆាក់ធីប ឆៃចិន្តា (Chakthip Chaijinda) ប្រមូលភស្តុតាងនានា និងតាមចាប់ខ្លួនក្រុមបំផ្ទុះគ្រាប់បែកទាំងនោះ ឲ្យបានកាន់តែឆាប់...»

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន ហេតុការណ៍ផ្ទុះគ្រាប់បែកជាបន្តបន្ទាប់ បានកើតឡើងនៅទីតាំងយ៉ាងហោចណាស់ ៧ករណី នៅក្នុងទីក្រុងបាងកក ក្នុងនោះរួមមាន នៅសួនច្បារខាងមុខ អគារមជ្ឈមណ្ឌលរដ្ឋាភិបាលថៃ ឈាងវឌ្ឍនា (Chaeng Watthana Government Complex) ក្នុងសង្កាត់ឡាក់ស៊ី (Lak Si), នៅបរិវេណស្ថានីយរថភ្លើងផ្លូវអាកាស ឆុងណនស៊ី BTS (Chong Nonsee BTS) ក្បែរអគារខ្ពស់មហានគរ (King Power Mahanakhon) ក្នុងសង្កាត់ បាងរ៉ាក់ (Bang Rak) និងនៅផ្លូវតូចមួយកន្លែងលេខ ៥៧/១ ជាប់ដងផ្លូវរាមាទី៩ (Rama 9) ក្នុងសង្កាត់ សួនលួង (Suan Luang)។ ជាលទ្ធផល មនុស្ស៤នាក់បានទទួលរងរបួស ប៉ុន្តែមិនមានអ្នកបាត់បង់ជីវិតឡើយ។
បុរសពីរនាក់ត្រូវបានចាប់ខ្លួន ហើយបើតាមអាជ្ញាធរថៃ ជនសង្ស័យទាំងពីរនាក់នោះ មកពីតំបន់ភាគខាងត្បូងជាប់នឹងប្រទេសម៉ាឡេស៊ី ដែលជាកន្លែងមានការវាយប្រហារជាញឹកញាប់ពីក្រុមសកម្មប្រយុទ្ធ ប៉ុន្តែមិនទាន់ច្បាស់ទេថា ពួកគេមានទំនាក់ទំនងជាមួយពួកឧទ្ទាមដែរឬក៏អត់ឡើយ។ បញ្ហាអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ បានអូសបន្លាយអស់រយៈពេលប្រមាណ ១៥ឆ្នាំមកហើយ និងបានផ្តាច់ជីវិតមនុស្សសរុប ៧,០០០នាក់។ រាជរដ្ឋាភិបាលថៃកន្លងមកនេះ ក៏ធ្លាប់បានព្យាយាមចរចាជាមួយពួកឧទ្ទាមភាគខាងត្បូងនោះផងដែរ ប៉ុន្តែមិនបានជោគជ័យ។ សម្រាប់ខេត្តបីរបស់ថៃនៅភាគខាងត្បូង ដែលមានករណីវាយប្រហារច្រើនជាងគេនោះមានដូចជា ផាត់តានី យ៉ាឡា និងណារ៉ាត់ធីវ៉ាត់៕