(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកមិនបានធ្វើការពិភាក្សា ពិនិត្យឡើងវិញ ឬមានផែនការស្តីពីការដាក់ពង្រាយ មីស៊ីលរយៈចម្ងាយមធម្យមរបស់សហរដ្ឋអាមេរិក នៅលើទឹកដីរបស់ខ្លួននោះឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នាល្ងាចថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

ការបដិសេធនេះត្រូវបានធ្វើឡើងបន្ទាប់ពី រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ម៉ាក អេស្ពើ (Mark Esper) ដែលទើបតែចូលកាន់ដំណែងថ្មីៗបានបង្ហើបឲ្យដឹងអំពីបំណង ចង់បំពាក់សព្វាវុធឱ្យតំបន់អាស៊ី នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសអូស្ត្រាលី កាលពីចុងសប្តាហ៍នេះ។ អ្នកនាំពាក្យក្រសួងការពារជាតិ គឺលោក ឆយ យុនស៊ូ (Choi Hyun-soo) បានប្រាប់ក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «កូរ៉េខាងត្បូង មិនបានធ្វើការពិភាក្សាជាផ្លូវការ ជាមួយភាគីអាមេរិកស្តីអំពីការដាក់ពង្រាយ មីស៊ីលរយៈចម្ងាយមធ្យមណាមួយនោះទេ ហើយក៏មិនបានពិនិត្យផ្ទៃក្នុង ឬគ្រោងធ្វើដូច្នោះដែរ»

តាមរយៈអ្នកនាំពាក្យខាងលើដដែល បានបញ្ជាក់ទៀតថា «គ្មានការផ្លាស់ប្តូរជំហរជាមូលដ្ឋានរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េនោះឡើយ»

គួរជម្រាបថា សហរដ្ឋអាមេរិកបានដកខ្លួនចេញជាស្ថាពរ ពីសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែរ រយៈចម្ងាយមធ្យម (INF) ចុះហត្ថលេខាជាមួយរុស្ស៊ីក្នុងសម័យសង្គ្រាមត្រជាក់ ដែលហាមដាច់ខាតមិនមានការផលិតមីស៊ីល បាញ់ចេញពីដីរយៈចម្ងាយមធ្យមពី ៥០០-៥,៥០០គីឡូម៉ែត្រ។ ក្នុងន័យនេះវាអនុញ្ញាតឱ្យសហរដ្ឋអាមេរិកធ្វើការអភិវឌ្ឍ សាកល្បង និងដាក់ពង្រាយមីស៊ីលបែបនេះ នៅជុំវិញពិភពលោក។

ដោយឡែកមិនថា ករណីដាក់ពង្រាយសព្វាវុធខាងលើនឹងត្រូវលើកមកពីភាក្សា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ រវាងប្រទេសទាំងពីរនៅទីក្រុងសេអ៊ូល នៅថ្ងៃសុក្រសប្តាហ៍នេះ ឬយ៉ាងណាទេ ប៉ុន្តែអ្នកនាំពាក្យក្រុងសេអ៊ូលបានបញ្ជាក់ប្រាប់ថា លោកស្រីត្រូវបានគេអះអាងថា បញ្ហាខាងលើគឺមិនស្ថិតក្នុងរបៀបវារៈសន្ទនានោះទេ។ ក្រៅពីកូរ៉េខាងត្បូង ប្រទេសអូស្ត្រាលីក៏ទើបចេញមុខប្រកែក ចំពោះចេតនារបស់អាមេរិក ដូចគ្នាផងដែរ៕