(អ៊ីស្តង់ប៊ុល)៖ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ (Tayyip Erdogan) បានប្រកាសឲ្យដឹងថា កងកម្លាំងយោធាតួកគីនឹងចាប់ផ្តើមប្រតិបត្តិការយោធា​នៅភាគខាងកើតទន្លេអឺប្រាត (Euphrates) នៃប្រទេសស៊ីរី ដោយសារតែការគំរាមកំហែងផ្នែកសន្តិសុខនៅមាន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន​ចិនស៊ីនហ៊ួ ចេញផ្សាយនៅរសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

ការប្រកាសឲ្យដឹងខាងលើ ធ្វើឡើងនៅក្នុងសុន្ទរកថាមួយនៅឯពីធីបើកសម្ពោធ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវល្បឿនរវាងទីក្រុងអ៊ីស្តង់ប៊ុល និងអ៊ីហ្គី កាលពីថ្ងៃអាទិត្យ។
ស្ថិតក្នុងឱកាសនោះលោកប្រធានាធិបតី បានលើកឡើងយ៉ាងដូច្នេះថា «យើងបានចូលរួមធ្វើប្រតិបត្តិការនៅតំបន់ អាហ្វ្រីន (Afrin), ហ្សារ៉ាប្លឹស (Jarablus) និងអាល់បាប (al-Bab)។ ឥឡូវនេះយើងនឹងចេញប្រតិបត្តិការយោធា នៅភាគខាងកើតទន្លេអឺប្រាត នៅប្រទេសស៊ីរីបន្ថែមទៀត។ លោក អឺដូហ្គាន់ បានសង្កត់ធ្ងន់ទៀតថា «ដរាបណាការគំរាមគំហែងនៅតែបន្តមាន យើងមិនអាចនៅស្ងៀមបានទេ ព្រោះការអត់ធ្មត់របស់យើងគឺមានដែនកំណត់»។

មេដឹកនាំតួកគីក៏បានបញ្ជាក់ថែមទៀតដែរថា ប្រទេសរបស់លោក ក៏បានចែករំលែកព័ត៌មាននេះជាមួយប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក​អំពីប្រតិបត្តិការនាពេលខាងមុខនេះផងដែរ។ ដោយឡែកតំណាងកងកម្លាំងយោធាអាមេរិក បានគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសតួកគី ដើម្បីបើកកិច្ចចរចាសាជាថ្មីមួយ ព្រោះតែការចរចាកន្លងមកមិនបានបង្កើតកិច្ចព្រមព្រៀងរួមគ្នា ស្តីពីការបង្កើតតំបន់សុវត្ថិភាពមួយ​នៅភាគខាងជើងនៃប្រទេសស៊ីរី ដែលគ្រប់គ្រងដោយកងជីវពលឃើដ (YPG) នោះឡើយ។

តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសតួកគី លោក ហានី អាកសយ (Hami Aksoy) បាននិយាយកាលពីថ្ងៃសុក្រសប្តាហ៍នេះថា តួកគីនឹងបង្កើតតំបន់សុវត្ថិភាពដោយខ្លួនឯង ក្នុងករណីដែលកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិកត្រូវបរាជ័យ។ ជុំវិញករណីនេះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន TRT យ៉ាងដូច្នេះថា «ប្រសិនបើតំបន់សុវត្ថិភាព មិនត្រូវបានបង្កើតឡើងដូចដែលបានគ្រោងទុក ហើយការគំរាមកំហែង ប្រឆាំងមកលើប្រទេសរបស់យើងនៅតែបន្ត យើងនឹងចាប់ផ្តើមប្រតិបត្តិការយោធា នៅភាគខាងកើតនៃទន្លេអឺប្រាតជាមិនខាន»។

គួរជម្រាបថា តំបន់ភាគខាងជើងនៃប្រទេសស៊ីរី ដែលជាប់ព្រំដែនជាមួយប្រទេសតួកគី ត្រូវបានកាន់កាប់ដោយកងជីវពលឃើដគាំទ្រដោយអាមេរិក ដែលហៅកាត់ថា YPG ហើយក្រុមប្រដាប់អាវុធដ៏ខ្លាំងក្លានេះ ត្រូវបានប្រទេសតួកគីចាត់ទុកថា ជាក្រុមភេរវករសុទ្ធសាធ។ ដោយឡែករវាងរដ្ឋាភិបាលទីក្រុងអង់ការ៉ា និងវ៉ាស៊ីនតោនតែងតែខ្វែងគំនិតគ្នាជុំវិញបញ្ហាក្រុមឃើដនេះ៕