(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនមានគម្រោងបង្កើត «អង្គភាពយោធាផ្នែកអវកាស» នៅក្នុងជួរកងកម្លាំងស្វ័យការពារប្រទេសជប៉ុននៅឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានជប៉ុន យ៉ូមីអ៊ូរិ Yomiuri Shumbun នៅរសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

បើតាមសារព័ត៌មានខាងលើ អង្គភាពថ្មីនោះនឹងត្រូវឈរជើងនៅមូលដ្ឋានទ័ពអាកាសមួយកន្លែង ក្នុងក្រុងហ្វ៊ូជុ (Fuchu) ភាគខាងលិចទីក្រុងតូក្យូ ខណៈសេចក្តីព្រាងនៃផែនការនេះ ត្រូវបានបង្កើតឡើងតាំងតែពីចុងឆ្នាំ២០១៨។ ពីដំបូងឡើយរដ្ឋាភិបាលជប៉ុនបាន គ្រោងបង្កើតកងអង្គភាពទ័ពអវកាសនៅឆ្នាំ២០២៣ ប៉ុន្តែបានសម្រេចពន្លឿនដំណើរការនេះ ឲ្យនៅត្រឹមឆ្នាំ២០២០វិញ។

យោងតាមប្រភពដដែល បច្ចុប្បន្នជប៉ុនកំពុងអភិវឌ្ឍប្រព័ន្ធអង្កេតទីអវកាសមួយ ដែលស្ថិតលើផ្ទៃដី។ ប្រព័ន្ធនេះត្រូវគេរំពឹងថា នឹងអាចចាប់ផ្តើមធ្វើប្រតិបត្តិការបាននៅឆ្នាំ២០២៣។ គោលដៅចម្បងរបស់អង្គភាពទ័ពអវកាសជប៉ុន គឺឃ្លាំមើលកម្ទេចកម្ទីអវកាស ព្រមទាំងការគំរាមកំហែង និងសកម្មភាពវាយប្រហារ ឬក៏ការជ្រៀតជ្រែកណាមួយ ពីសំណាក់ផ្កាយរណបរបស់ប្រទេសដទៃ។

សារព័ត៌មាន Yomiuri Shumbun បានគូសបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិក គ្រោងបង្កើតកងទ័ពអវកាសនៅឆ្នាំ២០២០ដូចគ្នា ទីក្រុងតូក្យូមើលឃើញឱកាសពិសេស សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអវកាសជាមួយទីក្រុងវ៉ាស៊ីនតោន។ ក្រៅពីនេះបារាំង ក៏ជាប្រទេសដែលមានគម្រោងបង្កើត កងទ័ពអវកាសនៅឆ្នាំក្រោយផងដែរ ខណៈលំហអវកាស បានក្លាយជាមុខព្រួញផ្តោតសំខាន់ដូចគ្នា សម្រាប់ប្រទេសរុស្ស៊ីនិងចិន៕