(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison នៅថ្ងៃចន្ទនេះ បាននិយាយថា មីស៊ីលរយៈចំងាយមធ្យមរបស់សហរដ្ឋអាមេរិក នឹងមិនត្រូវបានដំឡើង ឬដាក់ពង្រាយនៅក្នុង ប្រទេសអូស្រ្ដាលីឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

លោក Scott Morrison ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper កាលពីថ្ងៃអាទិត្យ បានបង្ហើបពីមហិច្ឆិតាអាមេរិកក្នុងការដាក់ពង្រាយ ប្រព័ន្ធមីស៊ីលនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្រោយសហរដ្ឋអាមេរិក និងរុស្ស៊ីដកខ្លួនចេញពី សន្ធិសញ្ញានុយក្លេអ៊ែរ INF ជាផ្លូវការ។

ការលើកឡើងរបស់លោក Esper បានធ្វើឱ្យគេយល់ថាសហរដ្ឋអាមេរិក អាចនឹងដាក់ ពង្រាយមីស៊ីលនៅក្នុងប្រទេសអូស្ត្រាលី។ ប៉ុន្តែ​ លោក Morrison បានអះអាងថាគ្មានឡើយ សំណើផ្លូវការណាមួយពីសហរដ្ឋអាមេរិក ហើយអូស្ត្រាលីនឹងបដិសេធ បើសិនជាមានសំណើ បែបនេះនៅពេលអនាគត។

គួរបញ្ជាក់ថា ភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ទាំងដោយសារតែសង្រ្គាម ពាណិជ្ជកម្ម បញ្ហាសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ បានធ្វើឱ្យអូស្ត្រាលី ត្រូវកៀប ជាប់នៅកណ្ដាលនៃបញ្ហារបស់ប្រទេសទាំង២ ដ្បិតសហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏ធំ រីឯចិន គឺជាទីផ្សារនាំចេញដ៏ធំរបស់ខ្លួន៕