(សេអ៊ូល)៖ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ចាប់ផ្ដើមការធ្វើសមយុទ្ធយោធាប្រចាំ ឆ្នាំតាមគ្រោងទុកនៅថ្ងៃចន្ទនេះ បើទោះជាមានការព្រមានពីទីក្រុងព្យុងយ៉ាងថា សមយុទ្ធ យោធានេះអាចនឹងបំផ្លាញដល់កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០១៩។

ទីក្រុងព្យុងយ៉ាងនាពេលថ្មីៗនេះ បានបាញ់សាកល្បងមីស៊ីលរយៈចំងាយខ្លីជាច្រើនគ្រាប់ ជាសារព្រមានដល់សមយុទ្ធយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលខ្លួនតែងតែចាត់ទុកថា គឺជាការត្រៀមលក្ខណៈចូលឈ្លានពាន។ ប៉ុន្តែ ការខាងទីក្រុងសេអ៊ូលក៏ធ្លាប់បាន អះអាងជាច្រើនលើកផងដែរថា សមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិក មានលក្ខណៈទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយមិនបានរំលោភលើការសន្យាជាមួយកូរ៉េខាងជើងឡើយ។

គួរជម្រាបថា បើតាមអ្នកជំនាញ សមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង អាចនឹងធ្វើឱ្យកិច្ចចរចានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង ត្រូវបានពន្យារពេលយ៉ាងហោចណាស់ រហូតដល់ចុងឆ្នាំឯណោះក៏ថាបាន ខណៈនៅមុនសមយុទ្ធនេះលោក គីម ជុងអ៊ុន បានដឹកនាំការបាញ់មីស៊ីលប្រភេទថ្មីៗ និងជើងទម្របាញ់រ៉ុក្កែតដែលទើបត្រូវបានអភិវឌ្ឍន៍ ស្ថិតនៅក្នុងន័យព្រមានចំពោះផែនការធ្វើសមយុទ្ធខាងលើ៕