(វ៉ាស៊ីនតោន)៖ មនុស្ស៧នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុង ការបាញ់ប្រហារមួយនៅឯទីក្រុង Dayton នៃរដ្ឋ Ohio នៅព្រឹកថ្ងៃអាទិត្យនេះ តែប៉ុន្មានម៉ោង ប៉ុណ្ណោះ ក្រោយខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់មនុស្ស២០នាក់ នៅទីក្រុង El Paso រដ្ឋតិចសាស់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក មនុស្សច្រើនជាង១២នាក់រងការបាញ់ប្រហារ ហើយក្នុងនោះមាន៧នាក់បាត់បង់ជីវិត ក្បែរក្លឹបរាត្រីមួយកន្លែងនៅតំបន់ Oregon នៃទីក្រុង Dayton។ ចំណែកឯ ខ្មាន់កាំភ្លើងត្រូវបាន គេរាយការណ៍ជាបឋមថាប្រហែលជាត្រូវប៉ូលិសបាញ់សម្លាប់។

គួរជម្រាបថា ការបាញ់ប្រហារនៅព្រឹកថ្ងៃអាទិត្យនេះ កើតមានឡើងតិចជាង២៤ម៉ោង តែប៉ុណ្ណោះ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់២០នាក់ ត្រូវបានសម្លាប់ និង២៦នាក់រងរបួស នៅក្នុងការបាញ់ ប្រហារដ៏រង្គាលមួយរបស់ខ្មាន់កាំភ្លើងម្នាក់ ក្នុងទីក្រុង El Paso នៃរដ្ឋតិចសាស់។

អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានចាត់ទុកការបាញ់ប្រហារនៅ ព្រឹកថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) គឺជាការបាញ់សម្លាប់មនុស្សដ៏រង្គាលបំផុតនៅ ក្នុងប្រវត្តិសាស្ត្រនៃរដ្ឋតិចសាស់។

ការបាញ់ប្រហារនេះបានកើតឡើងនៅផ្សារទំនើប Walmart មួយកន្លែងស្ថិតនៃទីក្រុង El Paso ខណៈបុរសអាយុ២១ឆ្នាំ ម្នាក់ឈ្មោះ Patrick Crusius ត្រូវបានចាប់ខ្លួន។ ប៉ុន្តែគេមិនទាន់ដឹងពី មូលហេតុនៃ ការបាញ់ប្រហារនេះនៅឡើយទេ ដោយគ្រាន់តែនៅក្នុងកាមេរ៉ាសុវត្ថិភាពគេឃើញជនសង្ស័យរូបនេះ កាន់កាំភ្លើងវែងមួយដើម៕