(ហុងកុង)៖ ប៉ូលិសទីក្រុងហុងកុង នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាបាតុករច្រើនជាង២០នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការប៉ះទង្គិចគ្នាដោយហិង្សាជាមួយអាជ្ញាធរនៅក្នុងបាតុកម្មតវ៉ា​ ចុង សប្ដាហ៍ទី៩ជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៤ ខែសីហា ឆ្នាំ២០១៩។

បាតុកម្មតវ៉ា បានកើតឡើងជាថ្មី និងឈានចូលដល់ចុងសប្ដាហ៍ទី៩ កាលពីថ្ងៃសៅរ៍កន្លងទៅ បើទោះជាមានការព្រមានពីសំណាក់ កងទ័ពចិនដីគោកក៏ដោយ។ ដោយឡែក បើតាមប៉ូលិស ហុងកុង ក្រុមបាតុករច្រើនជាង២០នាក់ខាងលើ ដែលត្រូវបានចាប់ខ្លួន គឺដោយសារពួកគេ រំលោភលើច្បាប់ប្រមូលផ្ដុំគ្នា និងប្រើប្រាស់ហិង្សាប្រឆាំងអាជ្ញាធរ។

គួរបញ្ជាក់ថា នៅក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃសៅរ៍ ប៉ូលិសហុងកុង បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ជាច្រើនដើម្បីបំបែកក្រុមបាតុករ។ ប៉ុន្តែទន្ទឹមគ្នា បាតុកម្មតវ៉ានេះត្រូវបានគេរំពឹងថានឹងមិន បញ្ចប់ត្រឹមនេះទេ ខណៈក្រុមបាតុករភាគច្រើនចង់ឱ្យនាយកប្រតិបត្តិក្រុងហុងកុង លោកស្រី Carrie Lam ចុះចេញពីតំណែង ដោយមិនត្រឹមតែស្នើឱ្យលុបចោលច្បាប់ធ្វើបត្យាប័ន ជនសង្ស័យទៅកាន់ចិនដីគោក ដូចមុនទៀតឡើយ៕