(កាប៊ុល)៖ ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់សរុប ០៣នាក់ ក្នុងនោះម្នាក់ជាអភិបាលខេត្តរបស់ក្រុមតាលីបង់ប្រចាំខេត្ត ហ្វារ៉ាហ៍ (Farah) បានស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស នៅភាគខាងលិចអាហ្វហ្គានីស្ថាន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន ស៊ីនហួរ ដកស្រង់ពីសេចក្តីថ្លែងការណ៍របស់​ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩។

លោក មូលឡាស៍ អាប់ឌុល បារី (Mullah Abdul Bari) មាននាមអភិបាលខេត្តស្រមោល របស់ក្រុមតាលីបង់ប្រចាំខេត្ត Farah បានបាត់បង់ជីវិតជាមួយមេដឹកនាំតាលីបង់ពីរនាក់ទៀត​រួមមានលោក មូលឡាហ៍ សាដឌីក (Mullah Saddiq) និងលោក ម៉រឡាវី សាយយ៉េដ (Mawlawi Sayyed) ក្រោយយន្តហោះចម្បាំងធ្វើការវាយប្រហារសម្រុកនៅក្នុងស្រុក ខាគី សេហ្វេដ (Khaki Safed) របស់ខេត្តភាគខាងលិចប្រទេសមួយនេះ។

គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានមិនបានបង្ហើបថា តើថ្នាក់ដឹកនាំកំពូលៗតាលីបង់​ខាងលើនេះត្រូវបានកងទ័ពអាកាសទីក្រុងកាប៊ុល ឬក៏កងទ័ពអាកាសសម្ព័ន្ធមិត្តអង្គការ NATO ជាអ្នកផ្តាច់ជីវិតនោះឡើយ។ សម្រាប់ខេត្ត Farah នេះផងដែរ គឺត្រូវបានចាត់ទុកជាសមរភូមិ​ដ៏ក្តៅគគុកមួយរវាងក្រុមសកម្មប្រយុទ្ធតាលីបង់ និងកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន​ជាយូរណាស់មកហើយ៕