(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីក៏បានចេញមុខប្រកាសពីការផុតរលត់ នៃសន្ធិសញ្ញាហាមឃាត់ការរីកសាយ នៃអាវុធនុយក្លេអ៊ែរហៅកាត់ថា INF ផងដែរ ចំថ្ងៃដែលអាមេរិកដកខ្លួនចេញផុតជាផ្លូវការ ពីកិច្ចព្រមព្រៀងទ្វេភាគីនេះដូចគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី សន្ធិសញ្ញា INF ដែលត្រូវបានបង្កើតឡើងកាលពីជាង ៣ទសវត្សរ៍មុនដើម្បីហាមឃាត់ការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរប្រភេទបាញ់ចេញពីផ្ទៃដី ដែលអាចហោះបានចម្ងាយចន្លោះពី ៥០០-៥,៥០០គីឡូម៉ែត្រគឺត្រូវបានរំលាយចោលទាំងស្រុងហើយ នាថ្ងៃទី០២ ខែសីហាម្សិលមិញក្រោមការផ្តួចផ្តើមរបស់អាមេរិក។

គួរជម្រាបថា សន្ធិសញ្ញា INF ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ១៩៨៧ រវាងលោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ដែលកាលនោះជាប្រធានាធិបតីអាមេរិក និងលោក មីឃែល ហ្គោបាឆេវ (Mikhail Gorbachev) ដែលជាអគ្គលេខាធិការនៃអតីតសហភាពសូវៀត។ លោក ដូណាល់ ត្រាំ ក៏កំពុងស្វែងរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីជាមួយរុស្ស៊ីផងដែរ ខណៈកន្លងមក​ក្រុមវិភាគអន្តរជាតិបានព្រមានថា បើសិនជាគ្មាន INF ទេនោះ ការប្រកួតប្រជែងសព្វាវុធដ៏គ្រោះថ្នាក់ដូចសម័យសង្គ្រាមត្រជាក់ នឹងឆេះកញ្ជ្រោលឡើងវិញ ហើយអាក្រក់ខ្លាំងជាងពេលណាៗទាំងអស់៕