(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ ដែលបានកើតមានឡើងនៅដែនសមុទ្រ នៃកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូណេស៊ី កាលពីយប់មិញមិនបានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០១៩។

បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS កាលពីយប់ថ្ងៃសុក្រហេតុការណ៍រញ្ជួយផែនដីខាងលើ បានកើតឡើងនៅជម្រៅ ៥៩គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រចម្ងាយប្រមាណជាង ២២០គីឡូម៉ែត្រ ពីទីក្រុង ទេឡាក់បេទុង (Teluk Betung) លើកោះស៊ូម៉ាត្រា ដែលបង្កឲ្យមានការតក់ស្លុតជាខ្លាំងពីសំណាក់មនុស្សម្នា នៅតាមតំបន់ដែលទទួលរងឥទ្ធិពល។ ភ្លាមៗនោះអាជ្ញាធរឥណ្ឌូណេស៊ី បានចេញសារព្រមានឲ្យប្រុងប្រយ័ត្នពីរលកយក្សស៊ូណាមិ ដែលអាចត្រូវបានបង្កឡើង ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក៏បានសម្រេចដកការព្រមានជាវិញ។ គ្រោះរញ្ជួយដីនេះ មិនបានបង្កឲ្យមានមនុស្សរងគ្រោះ ឬក៏ការខូចខាតធ្ងន់ធ្ងរឡើយ។

គួរជម្រាបថា ដោយស្ថិតនៅលើតំបន់ Ring of Fire ដែលនៅព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ប្រទេសឥណ្ឌូណេស៊ី ធ្លាប់បានទទួលរងគ្រោះជាច្រើនលើក ដោយសារគ្រោះរញ្ជួយដី ដែលពេលខ្លះបានបង្កជារលកយក្សស៊ូណាមិថែមទៀត៕