(ហ្សេរុយសាឡឹម)៖ ការប៉ះទង្គិចគ្នា និងការចាប់ខ្លួនបានកើតឡើង ក្នុងកំឡុងការធ្វើបាតុកម្មតវ៉ារបស់ប្រជាជនប៉ាឡេស្ទីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រឆាំងទង្វើរបស់អាជ្ញាធរអ៊ីស្រាអែល ដែលបានចុះមកបំផ្លិចបំផ្លាញភូមិប៉ាឡេស្ទីន នៅជាយភាគខាងកើតនៃទីក្រុងហ្សេរុយសាឡឹម។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩។

កាលពីសប្តាហ៍មុន អ៊ីស្រាអែលបានបញ្ជូនគ្រឿងចក្រ ប៉ូលិស និងកងទ័ពរាប់រយនាក់ ឲ្យចុះទៅភូមិប៉ាឡេស្ទីនស៊ួរបាហេ (Sur Baher) នៅតំបន់ភាគខាងកើតទីក្រុងហ្សេរុយសាឡឹម។ ភូមិមួយនេះត្រូវបានអ៊ីស្រាអែលរឹបអូស នៅក្នុងសង្រ្គាមកាលពីឆ្នាំ១៩៦៧។ ប្រជាជនប៉ាឡេស្ទីនបានសម្ដែងការតវ៉ា និងក្ដីព្រួយបារម្ភដោយខ្លាចក្រែង សកម្មភាពបំផ្លាញផ្ទះសម្បែងរបៀបនេះ អាចនឹងរាលដាលដល់បណ្ដាភូមិប៉ាឡេស្ទីនទៀត

គួរជម្រាបថា តុលាការកំពូលអ៊ីស្រាអែល បានចេញសេចក្ដីសម្រេចមួយកាលពីខែមិថុនា កន្លងទៅនេះថា ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងភូមិ Sur Baher គឺរំលោភលើបទដ្ឋានហាមឃាត់ការ សាងសង់ ហើយតម្រូវឱ្យប្រជាជនប៉ាឡេស្ទីនពាក់ព័ន្ធនឹងអគារ ឬផ្ទះទាំងនេះរើចេញ។ ការរុះរើផ្ទះប៉ាឡេស្ទីននេះ ក៏ទទួលបានការថ្កោលទោសផងដែរ ពីបណ្តាប្រទេសដែលគាំទ្រ​ដល់ប៉ាឡេស្ទីនជាពិសេសតួកគីតែម្តង៕