(ហ្សាការតា)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.០រ៉ិចទ័រ បានកើតមានឡើងនៅដែនសមុទ្រនៃកោះស៊ូម៉ាត្រា របស់ប្រទេសឥណ្ឌូណេស៊ី នៅមុននេះបន្តិច។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។

បើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS ហេតុការណ៍រញ្ជួយផែនដីខាងលើ បានកើតឡើងនៅជម្រៅ៥៩គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រ ចម្ងាយប្រមាណជាង២២០គីឡូម៉ែត្រ ពីទីក្រុង Teluk Betung លើកោះស៊ូម៉ាត្រា ដែលបង្កឲ្យមានការតក់ស្លុតជា ខ្លាំងពីសំណាក់មនុស្សម្នា នៅតាមតំបន់ដែលទទួលរងឥទ្ធិពល។ ភ្លាមៗនេះ អាជ្ញាធរឥណ្ឌូណេស៊ី បានចេញសារព្រមានឲ្យប្រុង ប្រយ័ត្នពីរលកយក្សស៊ូណាមិ ដែលអាចត្រូវបានបង្កឡើង។

គួរជម្រាបថា យ៉ាងណាមិញ មិនទាន់ឃើញមានសេចក្តីរាយការណ៍ថា មានមនុស្សរងគ្រោះ និងក៏ទំហំខូចខាត ដោយសារបាតុភូត គ្រោះរញ្ជូយដីដ៏ខ្លាំងនេះ នៅឡើយទេ៕