(បាងកក)៖ ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងបាងកក នៃប្រទេសថៃកាលពីព្រឹកថ្ងៃសុក្រនេះ អាជ្ញាធរថៃទើបបានប្រទះឃើញវត្ថុសង្ស័យ ជាគ្រាប់មីនថែមទៀត នៅទីតាំងកើតហេតុមួយកន្លែង។ នេះបើតាមការដកស្រង់​ការផ្សាយពីបណ្តាញសារព័ត៌មានថៃ នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។

ហេតុការណ៍ផ្ទុះយ៉ាងតិចចំនួន ៣ បានចាប់ផ្តើមដំបូងនៅសួនច្បារខាងមុខ​អគារមជ្ឈមណ្ឌលរដ្ឋាភិបាលថៃ ឈាងវឌ្ឍនា (Chaeng Watthana Government Complex) ក្នុងសង្កាត់ឡាក់ស៊ី (Lak Si)។ ក្រោយការត្រួតពិនិត្យអាជ្ញាធរថៃបានរកឃើញថា វត្ថុដែលត្រូវបានប្រើប្រាស់គឺជាគ្រាប់បែកកែច្នៃ ដែលត្រូវបានគេកំណត់ពេលវេលាទុកមុន។

ក្រោយមកក៏មានការផ្ទុះបន្តទៀតនៅបរិវេណ ស្ថានីយរថភ្លើងផ្លូវអាកាស ឆុងណនស៊ី BTS (Chong Nonsee BTS) ដោយមួយនៅក្រោមស្ថានីយ និងមួយទៀតនៅមុខអគារខ្ពស់មហានគរ (King Power Mahanakhon)។ ទីតាំងនេះស្ថិតក្នុងសង្កាត់ បាងរ៉ាក់ (Bang Rak)។ ការផ្ទុះក្នុងបរិវេណស្ថានីយ ឆុងណុនស៊ី BTS បានបណ្តាលឲ្យមនុស្ស ០២នាក់រងរបួស ក្នុងនោះម្នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងម្នាក់ទៀតទទួលការព្យាបាលនៅនឹងកន្លែងកើតហេតុ។ បន្ថែមពីនេះ ក្នុងទីតាំងដដែល អាជ្ញាធរថៃបានរកឃើញវត្ថុសង្ស័យជាកម្ទេចគ្រាប់លោហៈតូចៗ និងគ្រាប់មីនថែមទៀតផង។

បន្ទាប់ទៀត អ្នកសម្អាតអនាម័យតាមដងផ្លូវ ០២នាក់ ក៏បានរងរបួសក្នុងហេតុការណ៍ផ្ទុះមួយ នៅផ្លូវតូចមួយកន្លែងលេខ ៥៧/១ ជាប់ដងផ្លូវរាមាទី៩ (Rama 9) ក្នុងសង្កាត់ សួនលួង (Suan Luang)។ យោងតាមរបាយការណ៍ក្រោយការត្រួតពិនិត្យ អាជ្ញាធរថៃបានបញ្ជាក់ថា វត្ថុដែលត្រូវបានប្រើប្រាស់ គឺជាគ្រាប់បែកប្រភេទប៉េងប៉ុង។

នាវេលាទាបភ្លឺ នៅមុនករណីផ្ទុះគ្រាប់បែកទាំងនេះ ក៏មានសេចក្តីរាយការណ៍អំពីគ្រោះអគ្គីភ័យតូចៗចំនួន ០៤ កើតឡើងផងដែរនៅទីក្រុងបាងកក ខណហេតុការណ៍ទាំងអស់នេះទៀតសោត កើតមានមួយថ្ងៃក្រោយ ការរកឃើញគ្រាប់បែកក្លែងក្លាយ នៅពីមុខស្នងការប៉ូលិសជាតិថៃ ដោយជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន។

គួរជម្រាបថា សកម្មភាពទាំងអស់ខាងលើ ទំនងជាមានគោលដៅបង្កភាពអាម៉ាស់ដល់រដ្ឋាភិបាលថៃ ខណៈទីក្រុងបាងកកកំពុង បើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងមកពីបណ្តាប្រទេសជាមហាអំណាចធំៗដូចជា អាមេរិក ចិន និងរុស្ស៊ី ដោយហាក់គ្មានគោលបំណង ដើម្បីបង្កឲ្យមានមនុស្សស្លាប់នោះឡើយ៕