(បាងកក)៖ ហេតុការណ៍ផ្ទុះជាបន្តបន្ទាប់នាព្រឹកថ្ងៃសុក្រនេះ ក្នុងទីក្រុងបាងកកនៃប្រទេសថៃ បានកើតឡើងនៅទីតាំងរួមមាន មុខអគារមជ្ឈមណ្ឌលរដ្ឋាភិបាល ឈាងវឌ្ឍនា (Chaeng Watthana Government Complex) ក្នុងសង្កាត់ឡាក់ស៊ី (Lak Si), នៅស្ថានីយរថភ្លើងផ្លូវអាកាស ឆុងណុនស៊ី BTS (Chong Nonsi BTS), នៅមុខអគារខ្ពស់មហានគរ (King Power Mahanakhon), និងនៅលើផ្លូវរាមាទី ៩ (Rama 9)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានក្នុងប្រទេសថៃ Bangkok Post នៅរសៀលថ្ងៃសុក្រ ទី០២ ខែសីហា ឆ្នាំ២០១៩។

បើតាមអ្នកនាំពាក្យរដ្ឋាភិបាលលោកស្រី ណារូម៉ុន ភីនយ៉ូស៊ីវ៉ាត់ (Narumon Pinyosinwat) ក្រោយពីបានទទួលដំណឹងនេះ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ខណៈចំណាត់ការសន្តិសុខត្រូវបានរឹងបន្តឹង ហើយលោកស្រីបានទទូចកុំឲ្យសាធារណជនមានការភ័យស្លន់ស្លោ។ ហេតុការណ៍ទាំងនេះ បានបណ្តាលឲ្យមនុស្សពីរនាក់រងរបួស ហើយទំនងជាបង្កឡើងដោយគ្រាប់បែកច្នៃ ខណៈមិនមានអ្នកបាត់បង់ជីវិតឡើយ។

គួរជម្រាបថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរថៃទើបបានរកឃើញគ្រាប់បែកក្លែងក្លាយ នៅក្បែរស្នងការប៉ូលិសជាតិថៃ ។ ហេតុការណ៍ទាំងនេះបានកើតមានឡើងចំពេល ថៃកំពុងបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស មកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងមកពីបណ្តាប្រទេសជាមហាអំណាចធំៗដូចជា អាមេរិក ចិន និងរុស្ស៊ីផងដែរ៕