(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីនាថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា សមយុទ្ធយោធាប្រចាំឆ្នាំមានឈ្មោះថា «Ocean Shield» ត្រូវបានបើកឲ្យប្រព្រឹត្តទៅហើយ ជាមួយការចូលរួមពីកម្លាំងទ័ពជាងមួយម៉ឺននាក់ ព្រមទាំងនាវានិងយន្តហោះជាច្រើនគ្រឿង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានរុស្ស៊ី RT នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។

សមយុទ្ធយោធាទ្រង់ទ្រាយធំខាងលើ នឹងបន្តប្រារព្ធឡើងរហូតដល់ថ្ងៃទី០៩ ខែសីហា គឺត្រូវនឹងថ្ងៃសុក្រសប្តាហ៍ក្រោយ នៅក្នុងដែនសមុទ្របាល់ទិច។ បើតាមក្រសួងការពារជាតិរុស្ស៊ី ពលទាហានដែលចូលរួមមានចំនួនសរុប១០,៦៣៤នាក់ ខណៈនាវាមាន៤៩គ្រឿង ព្រមទាំងយន្តហោះ៥៨គ្រឿង។

គួរជម្រាបថា សមយុទ្ធយោធាជើងទឹក «Ocean Shield» នៅសមុទ្របាល់ទិច ត្រូវបានរុស្ស៊ីរៀបចំឡើងជាលើកដំបូង កាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយពេលនោះ រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានប្តេជ្ញាថា នឹងបន្តប្រារព្ធសមយុទ្ធនេះឲ្យជាប់ជារៀងរាល់ឆ្នាំ៕