(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង ទើបតែបានឲ្យដឹងថា នាវាមុជទឹកដែលកូរ៉េខាងជើងបានសាងសង់ឡើងថ្មី ទំនងជាមានសមត្ថភាពផ្ទុកគ្រាប់មីស៊ីលផ្លោងប្រភេទ SLBM យ៉ាងហោចណាស់ក៏៣គ្រាប់ដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។

ក្នុងរបាយការណ៍មួយផ្ញើទៅកាន់គណៈកម្មាធិការស៊ើបការណ៍សម្ងាត់នៃរដ្ឋសភាកូរ៉េខាងត្បូង ក្រុមមន្រ្តីការពារជាតិកូរ៉េខាងត្បូង បានលើកឡើងថា នាវាមុជទឹកថ្មីរបស់កូរ៉េខាងជើង មានទំហំធំគួរឲ្យកត់សម្គាល់ និងមានសមត្ថភាពផ្ទុកមីស៊ីលផ្លោង SLBM យ៉ាងតិច៣គ្រាប់ ហើយវានឹងអាចធ្វើប្រតិបត្តិការក្នុងពេលឆាប់ៗខាងមុខ។

គួរជម្រាបថា កន្លងទៅក្នុងខែកក្កដា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានបញ្ចេញរូបភាពមួយចំនួន ដែលបង្ហាញពី​សកម្មភាព​មេដឹកនាំកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យនាវាមុជទឹកថ្មីមួយគ្រឿង។ កូរ៉េខាងជើង ធ្លាប់បានបង្អួត​​នូវ​សមត្ថភាពមីស៊ីល SLBM របស់ខ្លួន កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៦ ដោយបានបាញ់ប៉ុន្មានគ្រាប់ទៅសមុទ្រជប៉ុន។

ជាមួយគ្នានេះ ការសន្និដ្ឋានពីសមត្ថភាពរបស់នាវាមុជទឹកថ្មីរបស់កូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់តេស្តមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន២គ្រាប់ផ្សេងទៀត កាលពីថ្ងៃពុធ​​​ម្សិលមិញ៕