(ហុងកុង)៖ យោធាចិនបានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីសកម្មភាពធ្វើសមយុទ្ធបង្ក្រាប លើក្រុមបាតុករទុកជាសារព្រមាន ផ្ញើជូនចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុង។ នេះតាមការចេញផ្សាយដោយសារព័ត៌មានសិង្ហបុរី CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០១ ខែសីហា ឆ្នាំ២០១៩។

វីដេអូឃ្លីបដែលមានរយៈពេល ០៣នាទីខាងលើ ត្រូវបានចេញផ្សាយនៅលើបណ្តាញសង្គម នៅថ្ងៃពុធសប្ដាហ៍នេះ ដោយកងទ័ពរំដោះប្រជាជនចិន (PLA) ប្រចាំនៅទីក្រុងហុងកុងក្រោម សំណេរដែលមានចំណងជើងថា «ភាពជឿជាក់ និងសមត្ថភាព» ក្នុងការរក្សាសន្តិសុខ នៃតំបន់សេដ្ឋកិច្ចពិសេសរបស់ចិនមួយនេះ។

លើសពីនេះទៅទៀត នៅក្នុងឃ្លីបវីដីអូនេះទៀតសោត គេក៏ឃើញមានការបង្ហាញរថក្រោះ កាំភ្លើងបាញ់ឧទ្ធម្ភាគចក្រ រ៉ុក្កែត និងបរិក្ខាយោធាព្រមទាំងកងទ័ពប្រដាប់ដោយអាវុធយ៉ាងច្រើន ដែលកំពុងធ្វើសមយុទ្ធប្រឆាំងភេរវកម្ម កុបកម្ម ជាមួយការប្រើប្រាស់រថពាសដែក និងកាណុង បាញ់ទឹក ត្រូវបានប្រើដើម្បីបំបែកហ្វូងបាតុករ។

សមយុទ្ធនេះត្រូវបានបញ្ចប់ ដោយមានកងទ័ពប្រដាប់អាវុធមួយក្រុមអមដំណើរក្រុមបាតុករ ដែលមានដៃជាប់នឹងខ្នោះ ទៅកាន់តំបន់ដែលមានសរសេរបដាថា «មន្ទីរឃុំឃាំង» ខណៈមន្រ្តី យោធាម្នាក់កាន់ទង់ក្រហមដែលមានសរសេរថា «យើងព្រមានឲ្យឈប់បង្ករឿង បើមិនដូច្នោះទេយើងនឹងប្រើកម្លាំងបាយ។

គួរជម្រាបថា ភាពចលាចលក្នុងទីក្រុងហុងកុង បានចាប់ផ្តើមជិតពីរខែកន្លងមកហើយ។ ពោលគឺបន្ទាប់ពីមានមហាបាតុកម្ម ប្រឆាំងនឹងគម្រោងច្បាប់ធ្វើបត្យាប័នជនសង្ស័យទៅកាន់ចិនដីគោក កាលពីថ្ងៃ០៩ ខែមិថុនាកន្លងមកនេះ៕